ក្រុមបាតុកររាប់ម៉ឺននាក់នៅឥណ្ឌា ផ្ទុះបាតុកម្មទាមទារឱ្យមន្ត្រីក្រសួងអប់រំ ពុករលួយ លាលែងពីតំណែង ក្រោយបែកធ្លាយវិញ្ញសារប្រឡង


ញូវដេលី៖ បាតុកម្មទ្រង់ទ្រាយធំមួយបានកើតឡើងនៅរដ្ឋធានីញូវដេលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ខណៈក្រុមបាតុកររាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាទាមទារឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ លោក Dharmendra Pradhan លាលែងពីតំណែង ជុំវិញការចោទប្រកាន់អំពីការបែកធ្លាយសំណួរប្រឡង NEET និងបញ្ហាផ្សេងៗក្នុងប្រព័ន្ធអប់រំ។

បាតុកម្មដែលមានឈ្មោះថា «Sansad Chalo» បានប្រមូលផ្តុំមនុស្សប្រមាណ ៥០,០០០នាក់ នៅតំបន់ Jantar Mantar និងផ្លូវជុំវិញសភា ប៉ុន្តែមិនអាចដង្ហែក្បួនចូលដល់អគារសភាបានទេ ដោយសារប៉ូលិសបានដាក់របាំងសន្តិសុខយ៉ាងតឹងរ៉ឹង។

ការប៉ះទង្គិចបានផ្ទុះឡើង នៅពេលក្រុមបាតុករព្យាយាមទម្លុះរបាំងសន្តិសុខនៅក្បែរផ្លូវ Parliament Street និង Patel Chowk ក្រោយមក ប៉ូលិសបានប្រើដំបង និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ។

បើតាមប៉ូលិសឥណ្ឌា មន្ត្រីសន្តិសុខជាង ១១៨នាក់ រួមទាំងមន្ត្រីជាន់ខ្ពស់ និងនគរបាលនារីមួយចំនួន បានរងរបួស ខណៈបាតុករប្រមាណ ៦០នាក់ ក៏រងរបួសផងដែរ។ អាជ្ញាធរបានឃាត់ខ្លួនបាតុករប្រមាណ ៧០នាក់ និងបញ្ជាក់ថា រថយន្តរដ្ឋាភិបាលចន្លោះពី ១៥ ដល់ ២០គ្រឿង បានរងការខូចខាត។

ជាមួយគ្នានោះ មេដឹកនាំ CJP បានដាក់សំណើសំខាន់ៗចំនួន៣ ជូនរដ្ឋាភិបាល រួមមាន៖ ការដោះលែងសកម្មជន Sonam Wangchuk ជាបន្ទាន់, ការទាមទារឱ្យរដ្ឋមន្ត្រីក្រសួងអប់រំលាលែងពីតំណែង និងការផ្តល់សំណងចំនួន ១០លានរូពី ដល់គ្រួសារបេក្ខជនប្រឡង NEET ដែលត្រូវបានអះអាងថាបានធ្វើអត្តឃាត។

យ៉ាងណាមិញ ស្របពេលស្ថានការណ៍កំពុងតានតឹង រដ្ឋមន្ត្រី និងជាប្រធានគណបក្សកាន់អំណាច BJP លោក J.P. Nadda បានបញ្ជាក់ថា រដ្ឋាភិបាលបានបើកកិច្ចពិភាក្សាជាមួយតំណាង CJP ដើម្បីស្វែងរកដំណោះស្រាយ ប៉ុន្តែមិនទាន់មានការឯកភាពណាមួយនៅឡើយ។

ដោយឡែក ការតវ៉ានេះបានកើតឡើងស្របពេលសភាឥណ្ឌាបើកសម័យប្រជុំរដូវវស្សា (Monsoon Session) ដែលធ្វើឱ្យបញ្ហាការកែទម្រង់ប្រព័ន្ធអប់រំ និងភាពប្រក្រតីនៃការប្រឡងជាតិ ក្លាយជាប្រធានបទនយោបាយដ៏ក្តៅគគុកមួយនៅក្នុងប្រទេស។

ប្រភព៖ The Indian Awaaz