|

ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ នៃអង្គគ្រូបង្រៀន» ដើម្បីពង្រឹងការគ្រប់គ្រងបុគ្គលិកអប់រំ


នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ សិក្ខាសាលាផ្សព្វផ្សាយអំពី ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀនដោយមានការចូលរួមជាពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំរាជធានី-ខេត្ត ព្រមទាំងនាយក នាយិកា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំពាក់ព័ន្ធនៅវិទ្យាស្ថាន ជាតិអប់រំ រាជធានីភ្នំពេញ (NIE)។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងត្រៀមសម្រាប់ការអនុវត្តខ្លឹមសារនៃព្រះរាជក្រឹត្យថ្មី ក្នុងគោលដៅលើកកម្ពស់គុណភាពអប់រំ និងផ្តល់អត្ថប្រយោជន៍ដល់មន្រ្តីរាជការ ពិសេសអង្គគ្រូបង្រៀន ដែលជាផ្នែកមួយដ៏សំខាន់នៃកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។

ដោយឡែក «ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ នៃអង្គគ្រូបង្រៀន»នេះ ក៏ត្រូវបានរៀបចំឡើងដោយផ្អែកលើស្ថានភាពបច្ចុប្បន្នក្នុងវិស័យអប់រំ វិស័យមុខងារសាធារណៈ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា សំដៅគាំទ្រការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលក្នុងវិស័យអប់រំ ឱ្យមានប្រសិទ្ធភាពខ្ពស់ ជួយជំរុញការផ្តល់សេវាអប់រំ ប្រកបដោយគុណភាព ប្រសិទ្ធភាព សមធម៌ និងបរិយាបន្ន ឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ចសង្គម។