ក្រសួងពាណិជ្ជកម្ម រៀបចំយុទ្ធនាការ #MadeInCambodia លើកកម្ពស់ការប្រើប្រាស់ និងផ្សព្វផ្សាយផលិតផលជាតិ
(ព្រះសីហនុ)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅផ្សារទំនើប ដាយម៉ីន ផ្លាហ្សា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ (ជិតវេទិកា ៧ មករា) លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia»។






ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ លើកឡើងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានតួនាទីសំខាន់ក្នុងការគាំទ្រផលិតផលជាតិ តាមរយៈការប្រើប្រាស់ ការផ្សព្វផ្សាយ និងការជួយនាំផលិតផលខ្មែរទៅកាន់ទីផ្សារកាន់តែទូលំទូលាយ។
ដោយឡែក លោកជំទាវបន្តថា ការរៀបចំ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» មិនត្រឹមតែជាការលើកកម្ពស់ផលិតផលក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីស្មារតីស្រឡាញ់ជាតិ ស្រឡាញ់កសិករ និងផលិតករខ្មែរ ព្រមទាំងរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិផងដែរ។
ជាមួយគ្នានោះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានផ្តួចផ្តើមយុទ្ធនាការនេះឡើង ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយផលិតផលផលិតក្នុងស្រុក បង្កើនការយល់ដឹងរបស់អ្នកប្រើប្រាស់អំពីគុណភាព តម្លៃ និងស្តង់ដារផលិតផលជាតិ ព្រមទាំងភ្ជាប់ឱកាសទីផ្សាររវាងផលិតករ និងបណ្តាញលក់ទំនើប។
ប្រភព៖ ក្រសួងពាណិជ្ជកម្ម















