|

ឯកឧត្តម ហ៊ុន ម៉ានី ជំរុញវិស័យកីឡា ដើម្បីកសាងមិត្តភាព សាមគ្គីភាព និងភាពរឹងមាំរបស់ជាតិ


ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ (UYFC All Star FT) បានគូសបញ្ជាក់ថា កីឡាបាននាំមកនូវឱកាសឱ្យយើងបានជួបជុំគ្នា និងកសាងនូវមិត្តភាព ខណៈភាពរឹងមាំ និងការរីកចម្រើននៃសង្គមជាតិមួយ គឺពិតជាត្រូវចាប់ផ្តើមចេញពីការកសាងស្មារតីមិត្តភាព និងសាមគ្គីភាពនេះឯង។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពកីឡាករក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ (UYFC All Star FT) នាល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅអគារ The Kampus។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី បានអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាសភាពកីឡាករក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការនាពេលនេះ។ ទន្ទេមនឹងនេះ ឯកឧត្តមបានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូបង្វឹក និងកីឡាករទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមក្នុងក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ កន្លងមក ក្នុងសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ដើម្បីជួយដល់សង្គមជាតិ ព្រមទាំងប្តេជ្ញាចិត្តរួមគ្នាសម្រេចបាននូវទិសដៅការងាររបស់ក្រុមទាំងមូល។

សូមជម្រាបថា គោលបំណងសំខាន់នៃការបង្កើតក្រុមនេះឡើង គឺឈរលើស្មារតី «កីឡា មិត្តភាព សប្បុរសធម៌» ដើម្បីប្រមូលផ្តុំអ្នកស្នេហាវិស័យកីឡាបាល់ទាត់ លើកកម្ពស់សុខភាព សាមគ្គីភាព និងបង្កើតសកម្មភាពសង្គម ស្របតាមទិសដៅយុទ្ធសាស្ត្រ «ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត»។