ឯកអគ្គរដ្ឋទូតអាល្លឺម៉ង៖ កម្ពុជាស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍របស់ប្រជាជនអាល្លឺម៉ង់


នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Stefan MESSERER ឯកអគ្គរដ្ឋទូតអាល្លឺម៉ង ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានលើកឡើងថា រយៈពេល ៤ឆ្នាំនៃការបំពេញការងាររបស់ឯកឧត្តមនៅកម្ពុជា គឺបានប្រព្រឹត្តទៅដោយលឿនខ្លាំងណាស់។ ហើយក្នុងរយៈពេល ៤ឆ្នាំនេះ ឯកឧត្តមបានធ្វើកិច្ចការងារជាមួយនឹងភាគីកម្ពុជា និងបានសម្រេចនូវលទ្ធផលជាច្រើនសម្រាប់ពូនជ្រុំនូវទំនាក់ទំនង រវាងកម្ពុជា និងអាល្លឺម៉ង់។

ដោយឡែក ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជានូវវឌ្ឍនភាពដែលបានកើតឡើងហើយប្រជាជនអាល្លឺម៉ង់ បានចាប់អារម្មណ៍នៅក្នុងការមកទស្សនាប្រទេសកម្ពុជា។

ជាងនេះទៅទៀត ឯកឧត្តមបន្តថា កម្ពុជាបានស្ថិតនៅក្នុងបញ្ជីមួយរបស់ប្រជាជនអាល្លឺម៉ង់ ដែលជាគោលដៅទេសចរណ៍ជាពិសេសឯកឧត្តមបានលើកឡើងថា សម្រាប់អ្នកចូលនិវត្តន៍របស់អាល្លឺម៉ង់ គឺសំឡឹងឃើញកម្ពុជា គឺជាទីកន្លែងដ៏សែនមនោរម្យសម្រាប់ពួកគេមកទស្សនា និងមកកម្សាន្ត។

ប្រភព៖ សម្ដេចតេជោ ហ៊ុន សែន