អ្នកដំណើរ ៦១នាក់ រត់ចោលជើងហោះហើរទៅប្រទេសម៉ាឡេស៊ី ក្រោយអាជ្ញាធររកឃើញទិដ្ឋាការក្លែងក្លាយ


ដាកា៖ អ្នកដំណើរចំនួន ៦១នាក់ ដែលបានបំពេញនីតិវិធី Check-in សម្រាប់ជើងហោះហើរពីបង់ក្លាដែសទៅកាន់ប្រទេសម៉ាឡេស៊ី បានចាកចេញពីអាកាសយានដ្ឋានដោយមិនឡើងជិះយន្តហោះ បន្ទាប់ពីអាជ្ញាធរបានរឹតបន្តឹងការត្រួតពិនិត្យឯកសារធ្វើដំណើរ។

យោងតាមសារព័ត៌មាន The Business Standard ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ លើជើងហោះហើររបស់ក្រុមហ៊ុន Biman Bangladesh Airlines ដែលចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Hazrat Shahjalal ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី។

យោងតាមមន្ត្រីអន្តោប្រវេសន៍ និងអាជ្ញាធរក្រុមហ៊ុនអាកាសចរណ៍ បានឃាត់អ្នកដំណើរចំនួន ១៥នាក់ មិនឱ្យធ្វើដំណើរ បន្ទាប់ពីរកឃើញថា ពួកគេប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ឬឯកសារធ្វើដំណើរដែលត្រូវបានកែប្រែ។ ក្នុងនោះ អ្នកដំណើរ ១០នាក់ ត្រូវបានដកចេញពីយន្តហោះមុនពេលចេញដំណើរ ខណៈ ៥នាក់ ផ្សេងទៀតត្រូវបានឃាត់នៅច្រកឡើងយន្តហោះ។

គួរឲ្យដឹងផងដែរថា ជើងហោះហើរនោះបានចេញដំណើរជាមួយអ្នកដំណើរ ២១២នាក់ ប៉ុណ្ណោះ បើធៀបនឹងអ្នកដំណើរ ២៨៨នាក់ ដែលបានកក់កៅអីដំបូង។

ក្នុងនោះប្រភពពីអាកាសយានដ្ឋានបានឱ្យដឹងថា អ្នកដំណើរភាគច្រើនក្នុងចំណោម ៦១នាក់ ដែលគេចខ្លួន ត្រូវបានគេដឹងថា ចាកចេញពីអាកាសយានដ្ឋាន បន្ទាប់ពីដឹងថា អាជ្ញាធរបានពង្រឹងការត្រួតពិនិត្យឯកសារធ្វើដំណើរ ក្រោយរកឃើញករណីទិដ្ឋាការក្លែងក្លាយ និងឯកសារមិនត្រឹមត្រូវ។

ដោយឡែក តាមនីតិវិធីទូទៅ នៅអាកាសយានដ្ឋាន អ្នកដំណើរត្រូវបំពេញការផ្ញើឥវ៉ាន់ និងទទួលប័ណ្ណឡើងយន្តហោះ (Boarding Pass) មុនពេលឆ្លងកាត់ការត្រួតពិនិត្យរបស់អន្តោប្រវេសន៍ ដែលផ្ទៀងផ្ទាត់លិខិតឆ្លងដែន ទិដ្ឋាការ និងឯកសារពាក់ព័ន្ធ។ បន្ទាប់ពីបញ្ចប់នីតិវិធីនេះ ទើបអាចទៅកាន់ច្រកឡើងយន្តហោះបាន។

ជាមួយគ្នានោះ មន្ត្រីជាន់ខ្ពស់ម្នាក់បានប្រាប់សារព័ត៌មាន bdnews24 ថា អាជ្ញាធរតែងតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជើងហោះហើរទៅកាន់ប្រទេសម៉ាឡេស៊ី ព្រោះកន្លងមក មានអ្នកដំណើរមួយចំនួន ទោះមានទិដ្ឋាការត្រឹមត្រូវក៏ដោយ ក៏នៅតែត្រូវបានអាជ្ញាធរម៉ាឡេស៊ីបដិសេធការចូលប្រទេស និងត្រូវបានបញ្ជូនត្រឡប់មកវិញ។

ប្រភព៖ The Business Standard