ឥណ្ឌូណេស៊ីលុបចោលគម្រោងផលិតយន្តហោះចម្បាំង KF-21 រួមជាមួយកូរ៉េខាងត្បូង ដោយងាកទៅទិញយន្តហោះផលិតស្រាប់វិញ!


ហ្សាការតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានសម្រេចបោះបង់គម្រោងផលិតយន្តហោះចម្បាំង KF-21 Boramae រួមជាមួយកូរ៉េខាងត្បូង ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៥ ហើយកំពុងងាកទៅទិញយន្តហោះដែលផលិតរួចជាស្រេច ដើម្បីបំពេញតម្រូវការពង្រឹងសមត្ថភាពកងទ័ពអាកាស។

ប្រធានទីភ្នាក់ងារភស្តុភារការពារជាតិឥណ្ឌូណេស៊ី លោក Yusuf Jauhan បានថ្លែងនៅចុងខែមិថុនាថា ផែនការផលិតយន្តហោះ KF-21 នៅក្នុងប្រទេសនឹងមិនត្រូវបានអនុវត្តឡើយ។ ការប្រកាសនេះបានបញ្ជាក់ពីការរំពឹងទុកថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានលុបចោលកិច្ចព្រមព្រៀងសហផលិតកម្មដែលបានចុះហត្ថលេខាជាមួយកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៥។

គួរបញ្ជាក់ថា យន្តហោះ KF-21 Boramae ដែលអភិវឌ្ឍដោយក្រុមហ៊ុន Korea Aerospace Industries (KAI) ជាយន្តហោះចម្បាំងបំពាក់ម៉ាស៊ីនភ្លោះ ដែលត្រូវបានរចនាឡើងដើម្បីជំនួសយន្តហោះចម្បាំងចាស់ៗប្រភេទ F-4 និង F-5 របស់កូរ៉េខាងត្បូង។ ឥណ្ឌូណេស៊ីក៏មានគម្រោងប្រើប្រាស់យន្តហោះប្រភេទនេះ ដើម្បីជំនួសយន្តហោះចម្បាំងដែលមានអាយុកាលចាស់របស់ខ្លួនផងដែរ។

តាមកិច្ចព្រមព្រៀងដើម ឥណ្ឌូណេស៊ីត្រូវចូលរួមចំណាយ ២០% នៃថ្លៃអភិវឌ្ឍគម្រោង ដែលមានតម្លៃសរុបប្រមាណ ១,៦ ទ្រីលានវ៉ុន (ប្រហែល ១,៣ ពាន់លានដុល្លារអាមេរិក)។ ជាថ្នូរវិញ ឥណ្ឌូណេស៊ីនឹងទទួលបានយន្តហោះគំរូមួយគ្រឿង បច្ចេកវិទ្យាផលិត និងសិទ្ធិឱ្យក្រុមហ៊ុនរដ្ឋ PT Dirgantara Indonesia (PTDI) ផលិតយន្តហោះ KF-21 Block-I ចំនួន ៤៨គ្រឿង នៅទីក្រុងបាន់ឌុង។

ដោយឡែក នៅខែមេសា ឆ្នាំ២០២៦ អាជ្ញាធរឥណ្ឌូណេស៊ីបានបង្ហើបថា គម្រោងផលិត KF-21 នៅក្នុងប្រទេសនឹងមិនបន្តទៀតទេ ហើយនៅខែមិថុនា រដ្ឋាភិបាលបានបញ្ជាក់ជាផ្លូវការថា គម្រោងនេះត្រូវបានលុបចោល។

ជាមួយគ្នានេះ លោក Hyung-Ju Kim ប្រធានវិទ្យាស្ថានស្រាវជ្រាវ Security Management Institute បានឱ្យដឹងថា ការសម្រេចចិត្តរបស់ឥណ្ឌូណេស៊ីគឺមានមូលហេតុចម្បងពីកត្តាហិរញ្ញវត្ថុ និងភាពជាក់ស្តែង។ លោកបានបន្ថែមថា ឥណ្ឌូណេស៊ីនៅតែអាចមានចំណាប់អារម្មណ៍លើយន្តហោះ KF-21 ប៉ុន្តែមិនចង់ទទួលបន្ទុកនៃការសហផលិតកម្មក្នុងស្រុកឡើយ។

បន្ថែមលើនេះ ក្រៅពី KF-21 ប្រភពព័ត៌មានបានបញ្ជាក់ថា ឥណ្ឌូណេស៊ីកំពុងពិចារណាទិញយន្តហោះចម្បាំង Dassault Rafale របស់បារាំង ចំនួន ២៤គ្រឿង បន្ថែម លើការបញ្ជាទិញ ៤២គ្រឿង ដែលបានចុះកិច្ចសន្យាកាលពីឆ្នាំ២០២២។ ជាមួយគ្នានេះ ឥណ្ឌូណេស៊ីក៏បានចុះកិច្ចព្រមព្រៀងកម្ចីពីបរទេស កាលពីខែមេសា ឆ្នាំ២០២៦ ដើម្បីទិញយន្តហោះចម្បាំងបំបាំងកាយ KAAN ចំនួន ៤៨គ្រឿង ពីក្រុមហ៊ុន Turkish Aerospace Industries ក្នុងតម្លៃប្រមាណ ១០ ពាន់លានដុល្លារអាមេរិក ដែលគ្រោងចាប់ផ្តើមប្រគល់ចាប់ពីឆ្នាំ២០៣២។

ប្រភព៖ Defense News