រថយន្តយោធាថៃក្រឡាប់បោកនឹងបង្គោលភ្លើង អំឡុងវិលពីព្រំដែនវិញ បណ្ដាលឱ្យទាហាន ៧នាក់រងរបួសធ្ងន់
បាងកក៖ ទាហានថៃចំនួន ៧នាក់ បានរងរបួស បន្ទាប់ពីរថយន្តយោធាមួយគ្រឿងក្រឡាប់ ខណៈកំពុងដឹកកម្លាំងវិលត្រឡប់ពីតំបន់ព្រំដែន ដោយសារផ្លូវរអិលអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង នៅខេត្ត Rayong ប្រទេសថៃ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។



បើតាមសមត្ថកិច្ចថៃ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ១:៣០រសៀល លើស្ពានក្បែរភូមិ Ban Noen Kha Din ក្នុងស្រុក Klaeng ខេត្ត Rayong។ នៅកន្លែងកើតហេតុ រថយន្តយោធាថៃ បានក្រឡាប់នៅលើទ្រូងផ្លូវ បន្ទាប់ពីជ្រុលទៅបុកបង្គោលភ្លើង និងបង្គោលកាមេរ៉ាសុវត្ថិភាព ដែលបណ្តាលឱ្យខូចខាតយ៉ាងខ្លាំង។
ការស៊ើបអង្កេតបឋម បានបង្ហាញថា រថយន្តនេះជារបស់អង្គភាពកាំភ្លើងធំកងម៉ារីនថៃ ដែលកំពុងវិលត្រឡប់ពីស្រុក Pong Nam Ron ខេត្ត Chanthaburi ទៅកាន់ស្រុក Sattahip ខេត្ត Chonburi ដើម្បីប្តូរវេនកម្លាំងការពារ។ ដោយសារភ្លៀងធ្លាក់ខ្លាំង ផ្លូវមានសភាពរអិល និងជាចំណុចផ្លូវកោង ទើបធ្វើឱ្យអ្នកបើកបរបាត់បង់ការគ្រប់គ្រង រថយន្តរេចង្កូត និងក្រឡាប់ បណ្តាលឱ្យទាហានជាច្រើនធ្លាក់ចេញពីរថយន្ត។
ដោយឡែក ក្រោយហេតុការណ៍នោះ ក៏មានរថយន្តយោធាមួយគ្រឿងទៀត ដែលបើកតាមពីក្រោយ ក៏បានបាត់បង់ការគ្រប់គ្រងដូចគ្នា ហើយរេចង្កូតទៅបុករថយន្តដឹកទំនិញ ៦កង់របស់ប្រជាពលរដ្ឋម្នាក់ ដែលបានឈប់ដើម្បីជួយសង្គ្រោះទាហានរងរបួស បណ្តាលឱ្យរថយន្តស៊ីវិលរងការខូចខាតផងដែរ។
ប្រភព៖ Khaosod











