មិនចាំបាច់ត្រឡប់ទៅលំនៅឋានអចិន្ត្រៃយ៍ទៀតទេ! ពលរដ្ឋខ្មែរចំណាកស្រុកអាចស្នើសុំធ្វើ ឬបន្តសុពលភាពអត្តសញ្ញាណបណ្ណនៅគ្រប់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត
ក្រសួងមហាផ្ទៃ បានប្រកាសដាក់ឱ្យអនុវត្តយន្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក ដែលកំពុងប្រកបការងារ មុខរបរ ឬបន្តការសិក្សា នៅក្រៅរាជធានី-ខេត្ត នៃលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួន ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ តទៅ។


ក្រោមយន្តការថ្មីនេះ ប្រជាពលរដ្ឋខ្មែរចំណាកស្រុកទាំងពីរភេទ អាចស្នើសុំធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្តណាមួយក៏បាន ដោយមិនចាំបាច់ត្រឡប់ទៅលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួនឡើយ។ ជាឧទាហរណ៍ ប្រជាពលរដ្ឋដែលមានលំនៅឋានអចិន្ត្រៃយ៍នៅខេត្តរតនគិរី ប៉ុន្តែកំពុងប្រកបការងារនៅខេត្តព្រៃវែង អាចស្នើសុំធ្វើ ឬបន្តអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបាន។
ជាមួយគ្នានេះ លក្ខខណ្ឌ និងឯកសារភ្ជាប់ផ្សេងៗ សម្រាប់ពលរដ្ឋខ្មែរទូទៅ (មិនមែនចំណាកស្រុក) និងពលរដ្ឋខ្មែរ ចំណាកស្រុក ក្រសួងបានបញ្ជាក់ថា ចំពោះអ្នកដែលមានអាយុចាប់ពី ១៥ឆ្នាំឡើង ហើយមិនទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវភ្ជាប់សេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ព្រមទាំងឯកសារសម្គាល់ការស្នាក់នៅ។ រីឯអ្នកដែលអត្តសញ្ញាណបណ្ណអស់សុពលភាព ឬនៅសល់សុពលភាពតិចជាង ១៨០ថ្ងៃ ត្រូវភ្ជាប់អត្តសញ្ញាណបណ្ណចាស់មកជាមួយ។
ដោយឡែក ករណីអត្តសញ្ញាណបណ្ណបាត់បង់ ត្រូវភ្ជាប់ពាក្យបណ្ដឹងអំពីការបាត់បង់ ខណៈករណីខូចខាត ត្រូវយកអត្តសញ្ញាណបណ្ណដែលខូចខាតមកភ្ជាប់ជាមួយពាក្យស្នើសុំ។
ទន្ទឹមនេះ ក្រសួងបានគូសបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋខ្មែរ ចំណាកស្រុក ក្រៅពីអាចស្នើសុំនៅស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ក៏អាចទៅស្នើសុំនៅទីស្នាក់ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ក្នុងផ្សារទំនើបអ៊ីអន២ ខណ្ឌសែនសុខ ក្នុងផ្សារទំនើបអ៊ីអន៣ ខណ្ឌមានជ័យ ឬនៅនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញផងដែរ។
ឆ្លៀតក្នុងឱកាសនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋ ខ្មែរទាំងអស់ ដែលកាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឬសុពលភាពនៅតិចជាង ១៨០ថ្ងៃ សូមមេត្តារួសរាន់ទៅបំពេញបែបបទស្នើសុំប្តូរអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថ្មី ចៀសវាងការប្រើប្រាស់ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលអស់សុពលភាព (មិនអាចប្រើប្រាស់បាន)។
ប្រភព៖ ក្រសួងមហាផ្ទៃ















