ករណីលោក K01 ប្រើហិង្សាលើយុវជនម្នាក់ អគ្គស្នងការរងនគរបាលរាជធានីភ្នំពេញ ចេញមុខដើរតួរជាដើមបណ្ដឹង ទោះបីជនរងគ្រោះមិនប្ដឹង!


ភ្នំពេញ៖ លោកឃឿន សុឡា ហៅ K01 ដែលគេស្គាល់ថាជាអាជីវករលើវិស័យអចលនទ្រព្យ និងរថយន្ត កំពុងទទួលរងការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីមានវីដេអូមួយបង្ហាញថា បុរសរូបនេះបានប្រើអំពើហិង្សាលើយុវជនម្នាក់ និងបង្ខំឱ្យយុវជននោះលុតជង្គង់សុំទោសម្តាយបង្កើតរបស់របស់គេ ដោយសារយុវជនរូបនោះមិនស្តាប់បង្គាប់ម្តាយ ដែលចង់ឱ្យមកស្នាក់នៅ និងធ្វើការនៅទីតាំងអាជីវកម្មរបស់ K01។ ហេតុការណ៍នេះ ត្រូវបានគេរាយការណ៍ថា បានកើតឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។

ក្រោយវីដេអូ ជុំវិញករណីនេះ ត្រូវបានចែករំលែកជាសាធារណៈ និងមានការរិះគន់យ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យលោក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ចាត់ការសំណុំរឿងនេះជាបន្ទាន់ និងកោះហៅ K01 ឱ្យចូលបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ៨:០០នាទី ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។

ដោយឡែក យោងតាមសារបញ្ជាក់របស់ឯកឧត្តមស្នងការ បានឲ្យដឹងថា ទោះបីជាជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងក៏ដោយ ប៉ុន្តែក្នុងករណីដែលមានបទល្មើសព្រហ្មទណ្ឌ នគរបាលយុត្តិធម៌អាចដើរតួនាទីជាដើមបណ្តឹង បន្ទាប់ពីការសាកសួរបញ្ចប់ សមត្ថកិច្ចបានសម្រេចឃាត់ខ្លួន K01 ដើម្បីបន្តអនុវត្តនីតិវិធីស្របតាមច្បាប់។