តំបន់សេដ្ឋកិច្ចពិសេសមួយ នឹងលេចរូបរាងឡើងនៅខេត្តកំពង់ធំ!


ភ្នំពេញ៖ ខេត្តកំពង់ធំ គ្រោងនឹងមានតំបន់សេដ្ឋកិច្ចពិសេស ខណៈគម្រោងនេះ ស្ថិតក្នុងចំណោមគម្រោងវិនិយោគធំៗចំនួន២ ដែលត្រូវដាក់ឆ្លងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីពិនិត្យ និងអនុម័តជាផ្លូវការ។

យោងតាមសាររបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដែលបានបង្ហោះនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំពេញមួយថ្ងៃនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ខេត្តកំពង់ធំមានគម្រោងសំខាន់ៗចំនួន២ ដើម្បីឆ្លងការពិនិត្យជាផ្លូវការ រួមមាន៖ គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមត្រី និងគ្រំ ព្រមទាំងសាងសង់រោងចក្រកែច្នៃគុជខ្យង និងកែច្នៃត្រី នៅស្រុកស្ទោង និងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុន កំពង់ធំ ឧទ្យាន ឧស្សាហកម្ម ចន្ទី ឯ.ក.

ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា គម្រោងទាំងពីរនេះ ត្រូវបានផ្តួចផ្តើម និងគាំទ្រយ៉ាងយកចិត្តទុកដាក់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយរំពឹងថា នឹងក្លាយជាសមិទ្ធផលថ្មីមួយក្នុងការបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចកម្ពុជា ជាពិសេសការជំរុញការវិនិយោគ បង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ។