ឯកឧត្តមនួនផារ័ត្នអញ្ជើញសួរសុខទុក្ខនិងនាំយកសម្ភារឧបត្ថម្ភជូនកងកម្លាំងឈរជើងការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែន


នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារ គ្រឿងឧបភោគបរិភោគ ព្រមទាំងអំណោយឧបត្ថម្ភមួយចំនួន ជូនដល់បងប្អូនវីរកងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិនៅតាមបន្ទាត់ព្រំដែន។ អំណោយទាំងនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលក្រុង ស្រុក ព្រមទាំងបងប្អូនប្រជាពលរដ្ឋមកពីខេត្តកំពង់ធំផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ ភាពអង់អាចក្លាហាន និងការប្តេជ្ញាចិត្តរបស់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញបេសកកម្មយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដី សន្តិសុខ និងសុខសន្តិភាពជូនប្រជាជន និងប្រទេសជាតិ។

ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា ស្ថានភាពនៅតាមបន្ទាត់ព្រំដែននៅតែតម្រូវឱ្យមានការយកចិត្តទុកដាក់ និងការចូលរួមគាំទ្រពីគ្រប់ភាគី ខណៈកងកម្លាំងកម្ពុជាកំពុងឈរជើងការពារទឹកដីដោយភាពរឹងមាំ និងទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបបន្តរួមគ្នាថែរក្សាប្រក្រតីភាពសង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍនៅមូលដ្ឋាន ព្រមទាំងចូលរួមគាំទ្រដល់កិច្ចការពារជាតិ តាមលទ្ធភាព និងតួនាទីរៀងៗខ្លួន។

សកម្មភាពនេះបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋបាលខេត្តកំពង់ធំ និងប្រជាពលរដ្ឋ ចំពោះកងកម្លាំងដែលកំពុងបំពេញបេសកកម្មនៅជួរមុខ ដើម្បីការពារបូរណភាពទឹកដី និងផលប្រយោជន៍ជាតិ។