រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ផ្ញើកំណត់ទូតដាស់តឿនភាគីថៃ ឱ្យបន្តការងារវាស់វែងនិងបោះបង្គោលព្រំដែនដីគោក


យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា កន្លងមក គណៈកម្មការ JBC ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើន លើកទៅគណៈកម្មការ JBC ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែង ប៉ុន្តែភាគីថៃបាន ឆ្លើយតបដោយស្នើលើកពេលជាបន្តបន្ទាប់ ក្រោមហេតុផលដូចជា៖ បំពេញនីតិវិធីផ្ទៃក្នុង រង់ចាំការបោះឆ្នោតថ្នាក់ជាតិ រង់ចាំការតែងតាំងនាយករដ្ឋមន្ត្រីថ្មី រង់ចាំការបោះឆ្នោតជ្រើសតាំងគណៈរដ្ឋមន្ត្រីថ្មី និងរង់ចាំការអនុម័តដោយគណៈរដ្ឋមន្ត្រីថៃលើការតែងតាំងប្រធាន និងសមាសភាពថ្មីនៃគណៈកម្មការ JBC ភាគីថៃ។

រហូតមកដល់ពេលនេះ បើទោះបីជានាយករដ្ឋមន្ត្រីថៃថ្មីត្រូវបានតែងតាំង ហើយគណៈរដ្ឋមន្ត្រីថៃថ្មី ការអូសបន្លាយ ត្រូវបានបង្កើតឡើងនិងបានដំណើរការកិច្ចប្រជុំជាច្រើនលើកមកហើយក៏ដោយ ក៏រដ្ឋាភិបាលថៃនៅតែពុំទាន់តែងតាំងប្រធាននិងសមាសភាពថ្មីនៃគណៈកម្មការរBCរបស់ខ្លួនជាផ្លូវការនៅឡើយ។ ពេលវេលានៃការតែងតាំងប្រធាននិងសមាសភាព JBC ថ្មី និងការមិនចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែង គឺផ្ទុយនឹងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងស្មារតីនៃសេចក្តីប្រកាសរួមនៃ កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសកថាខណ្ឌទី៣ និងកថាខណ្ឌទី៤ ដែលផ្តល់អាទិភាពខ្ពស់បំផុតដល់គណៈកម្មការ JBC នៃភាគី ទាំងពីរក្នុងការបន្តចុះវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែងឱ្យបានឆាប់បំផុត ព្រមទាំងអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញក្នុងពេលឆាប់បំផុតដោយគ្មានការរារាំងប្រកបដោយ សុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ។ ប៉ុន្តែ លើដីជាក់ស្តែង ភាគីថៃបាននិងកំពុងបន្តកាន់កាប់ទឹកដីកម្ពុជានិង ធ្វើសកម្មភាពដោយខុសច្បាប់ ក្នុងគោលបំណងបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli) បើទោះបីជាភាគីកម្ពុជាបានតវ៉ាជាច្រើនលើកតាមផ្លូវការទូតយ៉ាងណាក៏ដោយ។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានគូសបញ្ជាក់ថា ផ្អែកតាមនីតិវិធី និងបែបបទការងារ ដែលបានឯកភាពគ្នានាពេលកន្លងមក និងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ភាគីថៃគប្បីចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះ (JST) ចុះលើដីជាក់ស្តែង ដើម្បីបន្តការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ន និងការងារដែលនៅសេសល់ ព្រមទាំងសហការរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេស (អនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) និង ក្រុមប្រតិបត្តិការ (OG)) ដូចដែលភាគីទាំងពីរធ្លាប់បានអនុវត្តកន្លងមកតាំងពីឆ្នាំ២០១៣-២០២៥ និងស្របតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដូចមានចុះផ្សាយក្នុងសារព័ត៌មាន The Nation Thailand ថា៖ «(…) ក្រុមការងារកម្រិតបច្ចេកទេសនៅបន្តអនុវត្តការងាររបស់ខ្លួនដដែល។ ក្នុងន័យនេះ គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើជាថ្មីម្តងទៀតនូវកំណត់ទូត ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្ត ការងារនៅលើដីជាក់ស្តែងឱ្យបានឆាប់បំផុត។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏បានបញ្ជាក់ថា គណៈកម្មការ JBC ភាគីកម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពឈ្លានពានកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់របស់យោធាថៃ និងសកម្មភាពបន្តរំលោភបំពានលើបូរណភាពទឹកដីនិងអធិបតេយ្យកម្ពុជា ព្រមទាំងការបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង (fait accompli)។ គណៈកម្មការ JBC ភាគីកម្ពុជា ប្រកាសមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ទាំងពេលកន្លងមក ទាំងពេលបច្ចុប្បន្ន និងអនាគត៕

ប្រភព៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន