សភារបស់ប្រទេសស៊ុយអែត អនុម័តច្បាប់ថ្មី អាចដកហូតសិទ្ធិស្នាក់នៅរបស់ជនអន្តោប្រវេសន៍ បើមាន «អាកប្បកិរិយាមិនល្អ»


សភារបស់ប្រទេសស៊ុយអែត កាលពីថ្ងៃចន្ទកន្លងទៅនេះ បានអនុម័តច្បាប់ថ្មីមួយ ដែលអនុញ្ញាតឱ្យអាជ្ញាធរមានសមត្ថកិច្ច អាចដកហូតសិទ្ធិស្នាក់នៅរបស់ជនអន្តោប្រវេសន៍បាន ប្រសិនបើរកឃើញថាមាន «អាកប្បកិរិយាមិនល្អ» ដូចជា ការជំពាក់បំណុលមិនព្រមសង ការលួចធ្វើការងារខុសច្បាប់ (មិនបានប្រកាសពន្ធ) ឬមានទំនាក់ទំនងជាមួយអង្គការជ្រុលនិយមជាដើម។

ច្បាប់ថ្មីនេះ នឹងត្រូវអនុវត្តទៅលើទាំងពាក្យស្នើសុំស្នាក់នៅដែលកំពុងរង់ចាំការពិនិត្យ (មិនទាន់សម្រេច) និងការស្នើសុំបន្តទិដ្ឋាការស្នាក់នៅដែលមានស្រាប់។ វិធានការក្តៅនេះ គឺជាផ្នែកមួយនៃគោលនយោបាយរឹតបន្តឹងច្បាប់អន្តោប្រវេសន៍របស់រដ្ឋាភិបាលស្តាំនិយម និងគណបក្សគាំទ្ររបស់ខ្លួន គឺគណបក្សប្រជាធិបតេយ្យស៊ុយអែតជាតិនិយម នៅមុនការបោះឆ្នោតសភានាខែកញ្ញាខាងមុខ។

ទោះជាយ៉ាងណា ច្បាប់នេះកំពុងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ក្រុមបក្សប្រឆាំង និងក្រុមតស៊ូមតិដើម្បីសិទ្ធិមនុស្ស ដោយពួកគេយល់ថា វាជាវិធានការតាមអំពើចិត្ត ព្រោះការសម្រេចចិត្តដកហូតសិទ្ធិស្នាក់នៅនោះ ធ្វើឡើងផ្អែកលើ «អាកប្បកិរិយា ឬទង្វើ» ដែលមិនទាន់ត្រូវបានចាត់ទុកជាបទល្មើសព្រហ្មទណ្ឌនៅឡើយ។ ជុំវិញរឿងនេះ ក្រុមអ្នកការពារសិទ្ធិស៊ីវិល (Civil Rights Defenders) ដែលមានមូលដ្ឋាននៅទីក្រុងស្តុកខុម (Stockholm) បានចេញសេចក្តីថ្លែងការណ៍រិះគន់ថា៖

«ច្បាប់ស្តីពីអាកប្បកិរិយាល្អនេះ ធ្វើឱ្យមនុស្សស្ថិតក្នុងភាពមិនច្បាស់លាស់ និងភ័យខ្លាចថា តើសកម្មភាព ឬការបញ្ចេញមតិបែបណាខ្លះ ដែលអាចនឹងត្រូវគេយកមកប្រើប្រាស់ដើម្បីប្រឆាំងនឹងពួកគេ។ វាបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់នីតិរដ្ឋ និងគោលការណ៍សមភាពចំពោះមុខច្បាប់»។

នៅក្នុងខ្លឹមសារច្បាប់នេះ មិនបានចែងឲ្យចំៗ និងលម្អិតអំពីប្រភេទអាកប្បកិរិយាដែលមិនអាចទទួលយកបាននោះទេ ប៉ុន្តែរដ្ឋាភិបាលបានលើកឡើងជាឧទាហរណ៍ រួមមាន៖ ការជំពាក់បំណុលមិនព្រមសង ការគេចពន្ធ ការប្រព្រឹត្តបទឧក្រិដ្ឋ និងការមានទំនាក់ទំនងជាមួយក្រុមជ្រុលនិយមផ្សេងៗ។

យោងតាមនីតិវិធី ភ្នាក់ងារចំណាកស្រុករបស់ស៊ុយអែត នឹងទទួលបន្ទុកភារកិច្ចពិនិត្យមើលលើការអនុញ្ញាតស្នាក់នៅទាំងនោះ ហើយក្នុងករណីដែលសាមីខ្លួនមិនសុខចិត្ត ពួកគេមានសិទ្ធិប្តឹងឧទ្ធរណ៍ទៅកាន់តុលាការចំណាកស្រុកបាន។

ប្រភព៖ Reuters