ចំណាប់ខ្មាំងជាង៣៦០នាក់ត្រូវបានដោះលែងពីកណ្តាប់ដៃក្រុម Boko Haram
មនុស្សយ៉ាងហោចណាស់ ៣៦០ នាក់ ដែលត្រូវបានក្រុមសកម្មប្រយុទ្ធជីហាដ Boko Haram ចាប់ជំរិតពីសហគមន៍មូស្លីមភាគច្រើន ក្នុងរដ្ឋ Borno ភាគឦសាននៃប្រទេសនីហ្សេរីយ៉ាកាលពីខែមីនាកន្លងទៅ ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញហើយ ពីកន្លែងលាក់ខ្លួននៅលើភ្នំដាច់ស្រយាលមួយ។


ទោះជាយ៉ាងណា ជុំវិញកាលៈទេសៈនៃការដោះលែងនេះ កំពុងក្លាយជាប្រធានបទជជែកវែកញែកយ៉ាងខ្លាំង រវាងអាជ្ញាធរយោធា និងអង្គការសង្គមស៊ីវិលនៅក្នុងស្រុក។
ខាងភាគីកងទ័ពជាតិបានប្រកាសថា ការដោះលែងនេះគឺជាលទ្ធផលនៃប្រតិបត្តិការសម្ងាត់មួយ ដែលដឹកនាំដោយចារកម្មយ៉ាងហ្មត់ចត់។ យោធាបានបញ្ជាក់ថា ផែនការនេះបានចំណាយពេលរៀបចំអស់ជាច្រើនសប្តាហ៍ និងបានបើកការវាយប្រហារបំបែកសម្បុក ធ្វើឱ្យក្រុមសកម្មប្រយុទ្ធឥស្លាមស្មានមិនដល់ និងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ផ្ទុយទៅវិញ ក្រុមសកម្មជនក្នុងស្រុកមួយឈ្មោះថា Borno South Youth Initiative បានចេញមុខទាត់ចោលការអះអាងរបស់កងទ័ព ដោយបញ្ជាក់ថា ខ្លួនជាអ្នកសម្របសម្រួលដោយផ្ទាល់ក្នុងការដោះលែង «ដោយគ្មានលក្ខខណ្ឌ» នេះ។ លើសពីនេះ ក្រុមដដែលនេះបានអះអាងថា ចំនួនជនរងគ្រោះដែលត្រូវបានដោះលែងពិតប្រាកដមានរហូតដល់ ៤១៦ នាក់ មិនមែនត្រឹមតែ ៣៦០ នាក់នោះទេ។
ប្រភព៖ BBC











