ជប៉ុនប្រឈមកង្វះថង់ប្លាស្ទិក និងសម្ភារៈវេចខ្ចប់ ដោយសារវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា ធ្វើឲ្យជប៉ុនខ្វះវត្ថុធាតុដើមផលិតកម្ម!


ប្រទេស Japan កំពុងជួបប្រទះការខ្វះខាតថង់ប្លាស្ទិក ថាសវេចខ្ចប់អាហារ និងស្រោមដៃប្រើប្រាស់ក្នុងឧស្សាហកម្មម្ហូបអាហារ ដោយសារកង្វះសារធាតុ Naphtha ដែលជាវត្ថុធាតុដើមសំខាន់សម្រាប់ផលិតប្លាស្ទិក។ វិបត្តិនេះត្រូវបានផ្សារភ្ជាប់នឹងការរំខានដល់ការផ្គត់ផ្គង់ប្រេងពីតំបន់មជ្ឈិមបូព៌ា ដែលជាប្រភពនាំចូលដ៏សំខាន់របស់ជប៉ុន។

ទិន្នន័យពីសមាគមឧស្សាហកម្មប៉េត្រូគីមីជប៉ុនបង្ហាញថា ការផលិតប៉ូលីអេទីឡែន (Polyethylene) ដែលប្រើសម្រាប់ផលិតថង់ដើរទិញឥវ៉ាន់ និងថង់សំរាម បានធ្លាក់ចុះ ៦២% បើធៀបនឹងឆ្នាំមុន។ ហាងលក់ទំនិញ ផ្សារទំនើប និងហាងនំប៉័ងជាច្រើនបានចាប់ផ្តើមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងលើកទឹកចិត្តអតិថិជនឱ្យយកកាបូប ឬប្រអប់ផ្ទាល់ខ្លួនមកប្រើ។

ស្ថានភាពនេះក៏បានបង្កឱ្យមានការទិញស្តុកថង់សំរាមយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ ដែលជំរុញឱ្យអាជ្ញាធរមូលដ្ឋានមួយចំនួនអនុញ្ញាតឱ្យប្រើថង់ប្រភេទផ្សេងជំនួសថង់ផ្លូវការ។ រដ្ឋាភិបាលបានអំពាវនាវឱ្យសាធារណជនរក្សាភាពស្ងប់ស្ងាត់ និងកុំទិញស្តុកលើសតម្រូវការ។

យ៉ាងណាមិញ ប្រសិនបើការរំខានដល់ការផ្គត់ផ្គង់ Naphtha បន្តអូសបន្លាយ នោះវិបត្តិអាចរាលដាលទៅកាន់ឧស្សាហកម្មជាច្រើនទៀត រួមមានការវេចខ្ចប់ម្ហូបអាហារ សុខាភិបាល សំណង់ និងផលិតកម្មគីមី ខណៈតម្លៃផលិតផលប្លាស្ទិកក៏កំពុងកើនឡើងផងដែរ។

ប្រភព៖ The Guardian