ថៃ រឹតបន្តឹងអាជីវកម្មបរទេស ដែលបន្លំយកឈ្មោះពលរដ្ឋថៃ ធ្វើជាម្ចាស់ភាគហ៊ុន ដើម្បីបាំងមុខគេចវេសពីច្បាប់!


អាជ្ញាធរថៃកំពុងបង្កើនវិធានការត្រួតពិនិត្យ និងបង្ក្រាបអាជីវកម្មបរទេសដែលប្រើប្រាស់ប្រជាពលរដ្ឋថៃជាម្ចាស់ភាគហ៊ុនតាមឈ្មោះ («Nominee Shareholders») ដើម្បីគេចវេះច្បាប់កំណត់សិទ្ធិកាន់កាប់អាជីវកម្មរបស់ជនបរទេស។ វិធានការនេះបានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមវិនិយោគិន និងសហគ្រាសបរទេសដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសថៃ។

តាមរបាយការណ៍ អាជ្ញាធរថៃបានរកឃើញករណីមួយនៅខេត្តក្រាប៊ី ដែលក្រុមហ៊ុនមួយត្រូវបានចុះបញ្ជីជាហាងកែសម្ផស្ស ប៉ុន្តែត្រូវបានសង្ស័យថាជាមុខជំនួញបង្កើតមាតិកាសម្រាប់ល្បែងអនឡាញ «OnlyFans» ដោយស្ត្រីជនជាតិអ៊ីស្រាអែលម្នាក់។ ក្រុមហ៊ុននេះគឺជាផ្នែកមួយនៃក្រុមហ៊ុនជិត ៥០០ ដែលត្រូវបានចុះបញ្ជីតាមរយៈក្រុមហ៊ុនគណនេយ្យតែមួយ ហើយកំពុងស្ថិតក្រោមការស៊ើបអង្កេតពីអាជ្ញាធរ។

អាជ្ញាធរថៃបានអះអាងថា ក្រុមហ៊ុនទាំងនោះមានទំនាក់ទំនងជាមួយជនបរទេសដែលបានដាក់ឈ្មោះជនជាតិថៃជាម្ចាស់ភាគហ៊ុនភាគច្រើនតែប៉ុណ្ណោះ ខណៈការគ្រប់គ្រង និងផលប្រយោជន៍ពិតប្រាកដ ស្ថិតក្រោមការគ្រប់គ្រងរបស់ជនបរទេស។

គួរបញ្ជាក់ថា ក្រោមច្បាប់ស្តីពីអាជីវកម្មបរទេស (Foreign Business Act) របស់ថៃ ជនបរទេសជាទូទៅមិនត្រូវបានអនុញ្ញាតឱ្យកាន់កាប់ភាគហ៊ុនលើសពី ៤៩ ភាគរយ ក្នុងវិស័យអាជីវកម្មមួយចំនួនដែលត្រូវបានការពារ។ ទោះជាយ៉ាងណា កន្លងមកមានករណីជាច្រើនដែលជនបរទេសបានប្រើប្រាស់អ្នកតំណាងជនជាតិថៃ ដើម្បីបំពេញតម្រូវការផ្លូវច្បាប់ ខណៈការគ្រប់គ្រងពិតប្រាកដនៅតែស្ថិតនៅក្នុងដៃរបស់ពួកគេ។

ក្រសួងពាណិជ្ជកម្មថៃបានបញ្ជាក់ថា ការបង្ក្រាបនេះ ត្រូវបានពង្រីកទៅលើក្រុមហ៊ុនរាប់ម៉ឺនដែលស្ថិតនៅតំបន់ទេសចរណ៍សំខាន់ៗ ដូចជា ភូកេត កោះសាមុយ និងប៉ាតាយ៉ា។

បើតាមអាជ្ញាធរថៃ សញ្ញាសង្ស័យដែលអាចបង្ហាញពីការប្រើប្រាស់ម្ចាស់ភាគហ៊ុនបាំងមុខ រួមមានករណីដែលជនបរទេសមានអំណាចចុះហត្ថលេខាតែម្នាក់ឯងលើប្រតិបត្តិការក្រុមហ៊ុន ឬករណីដែលប្រជាពលរដ្ឋថៃម្នាក់មានឈ្មោះជាម្ចាស់ភាគហ៊ុនក្នុងក្រុមហ៊ុនជាច្រើនក្នុងពេលតែមួយ។

ប្រភព៖ Aljazeera