លោក ដូណាល់ ត្រាំ ប្រកាសផ្អាកមូលនិធិ ១,៨ ពាន់លានដុល្លារ សម្រាប់សំណងជនរងគ្រោះ ក្រោយរងការរិះគន់ខ្លាំងពីសភា!


រដ្ឋបាលសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាស សម្រេចផ្អាកគម្រោងមូលនិធិមានទំហំ ១,៨ ពាន់លានដុល្លារ ដែលត្រូវបានគេស្គាល់ថាជា «មូលនិធិប្រឆាំងការប្រើប្រាស់ប្រព័ន្ធរដ្ឋជាអាវុធ» (Anti-Weaponisation Fund) បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងពីសមាជិកសភា ទាំងមកពីគណបក្សប្រជាធិបតេយ្យ និងសូម្បីតែសមាជិកមួយចំនួននៃគណបក្សសាធារណរដ្ឋរបស់លោកផ្ទាល់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក មូលនិធិនេះត្រូវបានផ្អាកជាបណ្តោះអាសន្ន ប៉ុន្តែសេតវិមានមិនទាន់ចេញសេចក្តីបញ្ជាក់ជាផ្លូវការនៅឡើយទេ។ សារព័ត៌មាន Axios បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់ថា៖ «គម្រោងនេះត្រូវបានបញ្ឈប់សិន»។

គួរបញ្ជាក់ថា មូលនិធិ ១,៨ ពាន់លានដុល្លារនេះ ត្រូវបានប្រកាសកាលពីខែឧសភា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដោះស្រាយបណ្តឹងរវាងលោក Trump និងអគ្គនាយកដ្ឋានពន្ធដារអាមេរិក (IRS)។ តាមឯកសាររបស់ក្រសួងយុត្តិធម៌អាមេរិក មូលនិធិនេះមានគោលបំណងផ្តល់សំណងដល់បុគ្គលដែលអះអាងថា “បានរងគ្រោះពីការកេងប្រវ័ញ្ចផ្នែកច្បាប់ ឬការប្រើប្រាស់ស្ថាប័នរដ្ឋក្នុងគោលបំណងនយោបាយ”។

ការសម្រេចផ្អាកមូលនិធិនេះ បានកើតឡើងបន្ទាប់ពីលោក Trump បានជួបពិភាក្សាជាមួយប្រធានសភាតំណាងរាស្ត្រ លោក Mike Johnson ខណៈមេដឹកនាំសំខាន់ៗនៃគណបក្សសាធារណរដ្ឋជាច្រើន បានស្នើឲ្យបោះបង់គម្រោងនេះ។ ការលុបចោលមូលនិធិនេះដែរ ដើម្បីបញ្ចៀសការជាប់គាំងលើច្បាប់ថវិកាអនុវត្តច្បាប់អន្តោប្រវេសន៍តម្លៃ ៧២ ពាន់លានដុល្លារ ដែលកំពុងរង់ចាំការអនុម័តពីសភា។

មូលនិធិនេះបានបង្កឲ្យមានភាពចម្រូងចម្រាសខ្លាំង ចាប់តាំងពីគម្រោងនេះត្រូវបានបង្ហាញជាសាធារណៈកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

អ្នករិះគន់បានចោទប្រកាន់ថា មូលនិធិនេះអាចក្លាយជាមធ្យោបាយផ្តល់ប្រាក់សំណងដល់សម្ព័ន្ធមិត្តនយោបាយរបស់លោក Trump និងអ្នកគាំទ្រដែលពាក់ព័ន្ធនឹងការវាយប្រហារវិមានរដ្ឋសភាអាមេរិក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

ជាមួយគ្ននេះ អ្នកវិភាគនយោបាយអាមេរិក មើលឃើញថា ការផ្អាកមូលនិធិ ១,៨ ពាន់លានដុល្លារនេះ គឺជាជ័យជម្នះមួយសម្រាប់អ្នកប្រឆាំងគម្រោងនេះ ប៉ុន្តែជម្លោះផ្លូវច្បាប់ និងនយោបាយជុំវិញបញ្ហានេះ ទំនងជានឹងបន្តក្តៅគគុកនៅក្នុងសភា និងតុលាការអាមេរិកនាពេលខាងមុខ។

ប្រភព៖ Aljazeera