|

ទាហានហ្វីលីពីន និងអូស្ត្រាលី ជាង ៤០០ នាក់ ចាប់ផ្តើមសមយុទ្ធយោធារួមគ្នា ដើម្បីពង្រឹងសន្តិសុខក្នុងតំបន់


កងទ័ពហ្វីលីពីន និងអូស្ត្រាលី បានចាប់ផ្តើមសមយុទ្ធយោធារួមថ្មីមួយ ក្រោមឈ្មោះ “Kasangga 2026-1” នៅខេត្ត Camarines Sur ភាគខាងត្បូងកោះ Luzon ក្នុងគោលបំណងពង្រឹងសមត្ថភាពប្រតិបត្តិការរួម និងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរវាងប្រទេសទាំងពីរ។

សមយុទ្ធនេះ មានការចូលរួមពីទាហានជាង ៤០០នាក់ មកពីកងទ័ពហ្វីលីពីន និងកងទ័ពអូស្ត្រាលី ហើយផ្តោតលើការហ្វឹកហាត់ការពារឆ្នេរសមុទ្រ ប្រតិបត្តិការយោធារួម និងការឆ្លើយតបចំពោះស្ថានការណ៍សន្តិសុខក្នុងតំបន់។

យោធាហ្វីលីពីនបានបញ្ជាក់ថា សមយុទ្ធ “Kasangga” គឺជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងយោធារវាងទីក្រុងម៉ានីល និងកង់បេរ៉ា ស្របពេលដែលភាពតានតឹងនៅសមុទ្រចិនខាងត្បូងកំពុងកើនឡើង។

ប្រទេសអូស្ត្រាលី បានក្លាយជាដៃគូសន្តិសុខដ៏សំខាន់មួយរបស់ហ្វីលីពីនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយកងទ័ពអូស្ត្រាលីក៏បានចូលរួមជាទៀងទាត់ក្នុងសមយុទ្ធ Balikatan ដែលដឹកនាំដោយហ្វីលីពីន និងសហរដ្ឋអាមេរិកផងដែរ។

ដោយឡែក អ្នកវិភាគអន្តរជាតិមើលឃើញថា ការពង្រីកសមយុទ្ធយោធារវាងហ្វីលីពីន អូស្ត្រាលី សហរដ្ឋអាមេរិក និងដៃគូផ្សេងៗ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រឹងសន្តិសុខក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ខណៈចិនកំពុងបង្កើនសកម្មភាពយោធានៅសមុទ្រចិនខាងត្បូង។

ប្រភព៖ Philstar