ជប៉ុនអនុម័តថវិកាចំនួន ៣ ពាន់លានដុល្លារអាមេរិក ដើម្បីជួយដោះស្រាយវិបត្តិថាមពល ក្នុងប្រទេស!
រដ្ឋាភិបាលជប៉ុន លោកស្រី Sanae Takaichi បានអនុម័តថវិកាប្រមាណ ៣ពាន់លានដុល្លារអាមេរិក ដើម្បីជួយគ្រួសារប្រជាពលរដ្ឋបង់ថ្លៃអគ្គិសនី និងឧស្ម័ន ខណៈតម្លៃថាមពលកំពុងកើនឡើង ដោយសារវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា។

ដូចប្រទេសជាច្រើននៅអាស៊ីដែរ ជប៉ុនពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលប្រេង និងឧស្ម័នពីតំបន់មជ្ឈិមបូព៌ា ហើយកំពុងចាត់វិធានការទប់ស្កាត់ផលប៉ះពាល់ពីការបិទច្រកសមុទ្រ Hormuz ដែលបង្កការរំខានដល់ការផ្គត់ផ្គង់ និងតម្លៃថាមពល។
ការសម្រេចផ្តល់ជំនួយនេះ នឹងគ្របដណ្តប់ថ្លៃអគ្គិសនី និងឧស្ម័នរយៈពេល៣ខែ ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២៦។ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បានប្រកាសផែនការរៀបចំថវិកាបន្ថែមប្រមាណ ១៩ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃដែលកំពុងឡើងថ្លៃ។
ថវិកាជំនួយនេះ នឹងដកចេញពីមូលនិធិបម្រុងដែលមានស្រាប់ក្នុងថវិកាជាតិឆ្នាំសារពើពន្ធបច្ចុប្បន្ន។
លោក Masanao Ozaki អនុប្រធានលេខាធិការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា ថ្លៃអគ្គិសនី និងឧស្ម័ន មិនទំនងកើនឡើងខ្លាំងនៅខែនេះ ឬខែក្រោយនោះទេ ប៉ុន្តែការកើនឡើងតម្លៃនាំចូលប្រេង និងឧស្ម័ន នឹងក្លាយជាកត្តាសំខាន់នៅពេលបន្ទាប់។
លោកបានបន្ថែមថា «ទោះបីស្ថានការណ៍នៅមជ្ឈិមបូព៌ានៅតែមិនច្បាស់លាស់ក៏ដោយ រដ្ឋាភិបាលនឹងខិតខំអស់ពីសមត្ថភាព ដើម្បីធានាថា មិនមានការរំខានដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងសកម្មភាពសេដ្ឋកិច្ចឡើយ»។
ដោយឡែក កាលពីថ្ងៃច័ន្ទ លោកស្រី Sanae Takaichi ក៏បាននិយាយផងដែរថា រដ្ឋាភិបាលជប៉ុនរំពឹងថា នឹងអាចធានាការផ្គត់ផ្គង់ប្រេងឱ្យមានស្ថិរភាពបាន រហូតដល់រដូវផ្ការីកឆ្នាំក្រោយ។
ប្រភព៖ CNA











