|

អគារកំពុងសាងសង់មួយនៅហ្វីលីពីន បាក់រលំ សម្លាប់មនុស្ស ៣ នាក់ និង ១៧ នាក់ទៀតបានបាត់ខ្លួន


ក្រុមជួយសង្គ្រោះនៅប្រទេសហ្វីលីពីន កំពុងបន្តប្រតិបត្តិការស្វែងរកជនរងគ្រោះក្រោមគំនរបាក់បែក បន្ទាប់ពីអគារកំពុងសាងសង់មួយបានរលំ នៅទីក្រុង Angeles ភាគខាងជើងរដ្ឋធានីម៉ានីល បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣ នាក់ស្លាប់ និង ១៧ នាក់ទៀតបានបាត់ខ្លួន។

តាមការបញ្ជាក់របស់មន្ត្រីពន្លត់អគ្គិភ័យហ្វីលីពីន ក្រុមសង្គ្រោះបានទាញមនុស្សពីរនាក់ចេញពីគំនរបាក់បែក ប៉ុន្តែជនរងគ្រោះម្នាក់បានស្លាប់ក្រោយពេលជួយសង្គ្រោះ ខណៈម្នាក់ទៀតបានគាំងបេះដូងនៅពេលកំពុងជាប់ក្រោមអគារ។

គួរបញ្ជាក់ថា អគាររលំនេះ គឺជាអគារខុនដូ-សណ្ឋាគារកម្ពស់ ៩ ជាន់ ដែលកំពុងសាងសង់នៅទីក្រុង Angeles ក្នុងខេត្ត Pampanga។ អាជ្ញាធរបានបញ្ជាក់ថា ការសាងសង់ជាន់ទី ១០ បន្ថែម រួមទាំងអាងហែលទឹកមួយ ត្រូវបានអនុវត្តដោយគ្មានការអនុញ្ញាតផ្លូវការ ដែលអាចជាមូលហេតុមួយនៃការរលំអគារ។

មន្ត្រីមូលដ្ឋានបានឲ្យដឹងថា ភាគច្រើននៃអ្នកបាត់ខ្លួន គឺជាកម្មករសំណង់ដែលកំពុងស្នាក់នៅក្នុងអគារនៅពេលហេតុការណ៍កើតឡើង។ គួរឲ្យដឹងថា ជនរងគ្រោះម្នាក់ដែលបានស្លាប់ គឺជាពលរដ្ឋម៉ាឡេស៊ីអាយុ ៦៥ ឆ្នាំ ដែលស្នាក់នៅសណ្ឋាគារក្បែរនោះ និងរងការប៉ះទង្គិចពីគំនរបាក់បែក។

យ៉ាងណាមិញ ប្រតិបត្តិការជួយសង្គ្រោះកំពុងប្រឈមការលំបាក ដោយសារគំនរបេតុងធំៗ ដែក និងសម្ភារៈសំណង់ជាច្រើន។ ក្រុមសង្គ្រោះបានប្រើឧបករណ៍ស្កេនកម្ដៅ សត្វឆ្កែហ្វឹកហាត់ និងម៉ាស៊ីនចាប់សញ្ញាចង្វាក់បេះដូង ដើម្បីស្វែងរកអ្នកនៅរស់ក្រោមគំនរបាក់បែក។

ដោយឡែក អាជ្ញាធរហ្វីលីពីនបានបើកការស៊ើបអង្កេតជាផ្លូវការ ដើម្បីកំណត់មូលហេតុនៃការរលំអគារ និងពិនិត្យលើការអនុវត្តស្តង់ដារសុវត្ថិភាពសំណង់។ ទន្ទឹមនឹងនេះ ក្រុមគ្រួសារជនបាត់ខ្លួនបានសម្តែងការព្រួយបារម្ភ និងអំពាវនាវឲ្យអាជ្ញាធរផ្តល់ព័ត៌មានបន្ថែមអំពីប្រតិបត្តិការសង្គ្រោះផងដែរ។

ប្រភព៖ Aljazeera