ពិធីបើកកិច្ចប្រជុំកំពូលនៃសម្ព័ន្ធសាកលវិទ្យាល័យត្រូពិច ឆ្នាំ២០២៦សាធារណៈរដ្ឋប្រជាមានិតចិន
នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលនៃសម្ព័ន្ធសាកលវិទ្យាល័យត្រូពិច ឆ្នាំ២០២៦ (League of Tropical Universities 2026 Summit) ក្រោមប្រធានបទ” Intelligent Connectivity, Shared Future: The Mission and Innovation of Universities in Digital Era” នៅទីក្រុង ហៃគុ ខេត្តហៃណាន សាធារណៈរដ្ឋប្រជាមានិតចិន។












ថ្លែងនៅក្នុងឱកាសនៃពិធីបើក ឯកឧត្តមបណ្ឌិត សោម រតនា បានធ្វើការថ្លែងអំណរគុណដល់សាកលវិទ្យាល័យហៃណាន ដែលបានរៀបចំនូវកម្មវិធីដ៏មានសារសំខាន់នៅពេលនេ។ ឯកឧត្តមបានបន្ថែមថា ការបង្កើតចំណងរួមគ្នារវាងសាកលវិទ្យាល័យនៅក្នុងតំបន់ត្រូពិតនេះ នឹងផ្តល់លទ្ធភាពឲ្យយើងទាំងអស់គ្នា អាចចូលរួមដោះស្រាយបញ្ហាពិភពលោក ដែលកំពុងមានលក្ខណៈកាន់តែស្មុគស្មាញ និងមិនអាចដោះស្រាយដោយនណាម្នាក់ ឬប្រទេសណាមួយតែឯងបាន។ វេទកានេះ ក៏ជាឱកាសសម្រាប់យើងទាំងអស់គ្នា រួមគ្នា ដោះស្រូបយកប្រយោជន៏ពីការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាព័ត៌មាន និងរួមគ្នាទប់ទល់នូវបញ្ហា អវិជ្ជមាន ដែលបាន និងកំពុងកើតចេញពីបាតុភូតថ្មីនេះ។
ឯកឧត្តមបានបញ្ជាក់ទៀតថា កម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា មានមោទនភាព ដោយបានចូលរួមជាចំណែកនៅក្នុងសម្ព័ន្ធថ្មីនេះ។ កម្ពុជា ក៏បានត្រៀមខ្លួនក្នុងការដឹកនាំ និងដោះស្រាយនូវបញ្ញាប្រឈមណាមួយ ក្នុងនាមជាសមាជិកនៃសម្ព័ន្ធថ្មីនេះ។ ឆ្លៀតឱកាសនោះដែរ ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានស្នើឲ្យសម្ព័ន្ធថ្មីនេះ រួមគ្នាពិនិត្យលើលទ្ធភាពក្នុងការជំរុញកិច្ចសហការលើវិស័យបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ការធានាគុណភាពអប់រំ និងការផ្លាស់ប្តូរនិស្សិត និងសាស្រ្តាចារ្យ។ល។
គួរបញ្ជាក់ថា សម្ព័ន្ធសាកលវិទ្យាល័យតំបន់ត្រូពិច ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ ជាវេទិកាសហប្រតិបត្តិការការអភិវឌ្ឍមូលធនមនុស្ស ស្រាវជ្រាវវិទ្យាសាស្រ្ត និងផ្លាស់ប្ដូរវប្បធម៌រវាងសាកលវិទ្យាល័យនៅតាមតំបន់ត្រូពិច ក្នុងគោលបំណងលើកស្ទួយការអប់រំថ្នាក់ឧត្ដមសិក្សា ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងចូលរួមអភិវឌ្ឍសង្គមនៅក្នុងតំបន់ត្រូពិច មានសមាជិកជាគ្រឹះស្ថានឧត្តមសិក្សាចំនួន១០៨ មកពី៤៦ប្រទេស ក្នុងនោះមានគ្រឹះស្ថានឧត្តមសិក្សាមកពីកម្ពុជាចំនួន៥។











