|

ថៃកាត់បន្ថយរយៈពេលស្នាក់នៅដោយមិនចាំបាច់មានទិដ្ឋាការ (Visa-Free)ជាង ៩០ប្រទេស ពី ៦០ថ្ងៃ មកត្រឹម ៣០ថ្ងៃ វិញ!


រាជរដ្ឋាភិបាលថៃ បានសម្រេចកាត់បន្ថយរយៈពេលអនុញ្ញាតឱ្យភ្ញៀវទេសចរពីជាង ៩០ ប្រទេស ស្នាក់នៅដោយមិនចាំបាច់មានទិដ្ឋាការ (Visa-Free) ពី ៦០ ថ្ងៃ មកនៅត្រឹម ៣០ ថ្ងៃវិញ ខណៈវិធានការថ្មីនេះនឹងអនុវត្តចំពោះប្រទេសជាច្រើន រួមមានចក្រភពអង់គ្លេស អូស្ត្រាលី ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា អ៊ីតាលី អេស្ប៉ាញ និងសហរដ្ឋអាមេរិក។

កន្លងមក ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៤ ប្រទេសថៃបានអនុញ្ញាតឱ្យភ្ញៀវទេសចរពី ៩៣ ប្រទេស ចូលស្នាក់នៅបានរយៈពេល ៦០ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ ក្នុងគោលបំណងជំរុញវិស័យទេសចរណ៍ និងស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩។

ទោះយ៉ាងណា កាលពីថ្ងៃអង្គារ រដ្ឋាភិបាលថៃបានអនុម័តផែនការលុបចោលការលើកលែងនេះ ដោយបញ្ជាក់ថា រយៈពេលស្នាក់នៅថ្មីនឹងត្រូវកំណត់ទៅតាមប្រទេសនីមួយៗ។ អាជ្ញាធរថៃបានលើកឡើងពីបញ្ហាសន្តិសុខ និងភាពស្មុគស្មាញនៃប្រព័ន្ធទិដ្ឋាការ ជាមូលហេតុសំខាន់នៃការកែប្រែគោលនយោបាយនេះ។

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរ៉ាគុល បានថ្លែងថា គោលនយោបាយនេះត្រូវការកែសម្រួល “ឱ្យសមស្របទៅនឹងស្ថានភាពបច្ចុប្បន្ន ទាំងផ្នែកសេដ្ឋកិច្ច និងសន្តិសុខជាតិ”។ ដោយឡែក ក្រសួងការបរទេសថៃបានបញ្ជាក់ថា ប្រជាពលរដ្ឋពីប្រទេសជាច្រើន នឹងត្រូវដាក់ពាក្យសុំទិដ្ឋាការ ប្រសិនបើចង់ស្នាក់នៅលើសពី ៣០ ថ្ងៃ ខណៈប្រទេសខ្លះអាចមានរយៈពេលលើកលែងខុសៗគ្នា អាស្រ័យលើកិច្ចព្រមព្រៀងទ្វេភាគីជាមួយថៃ។

ជាងនេះទៅទៀត រដ្ឋាភិបាលថៃអះអាងថា ប្រព័ន្ធទិដ្ឋាការថ្មីនេះ នឹងចូលជាធរមានក្រោយរយៈពេល ១៥ ថ្ងៃ បន្ទាប់ពីការប្រកាសជាផ្លូវការនៅក្នុង Royal Gazette ដែលជាទំព័រផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិរបស់រដ្ឋាភិបាលថៃ។

ប្រភព៖ BBC