|

ការបាញ់ប្រហារនៅវិហារអ៊ីស្លាមក្នុងរដ្ឋកាលីហ្វ័រញ៉ា បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ ខណៈសមត្ថកិច្ចសង្ស័យជាអំពើស្អប់ខ្ពើមសាសនា


មនុស្ស៣នាក់បានស្លាប់ ក្នុងហេតុការណ៍បាញ់ប្រហារមួយនៅមជ្ឈមណ្ឌលអ៊ីស្លាមទីក្រុងសានឌីអេហ្គោ (Islamic Center of San Diego – ICSD) ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ា ខណៈអាជ្ញាធរកំពុងស៊ើបអង្កេតករណីនេះថា អាចជាអំពើឧក្រិដ្ឋកម្មស្អប់ខ្ពើមសាសនា (hate crime)។

មេប៉ូលិសទីក្រុងសានឌីអេហ្គោ លោក Scott Wahl បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា ជនសង្ស័យ ២នាក់ ដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនេះ ត្រូវបានប្រទះឃើញស្លាប់ដោយសាររបួសគ្រាប់កាំភ្លើង ដែលសង្ស័យថាបាញ់សម្លាប់ខ្លួនឯង។

លោកបានបញ្ជាក់ថា ដោយសារតែកន្លែងកើតហេតុជាមជ្ឈមណ្ឌលអ៊ីស្លាម អាជ្ញាធរកំពុងចាត់ទុកករណីនេះជាឧក្រិដ្ឋកម្មស្អប់ខ្ពើមសាសនា រហូតដល់មានភស្តុតាងបញ្ជាក់ផ្សេងពីនេះ។

ប៉ូលិសបានឱ្យដឹងថា ជនសង្ស័យទាំងពីរជាបុរស អាយុប្រហែល១៧ និង១៩ឆ្នាំ ខណៈជនរងគ្រោះទាំង៣នាក់ សុទ្ធតែជាមនុស្សពេញវ័យ។ អាជ្ញាធរបានបញ្ជាក់ថា កុមារនៅក្នុងសាលារៀនរបស់មជ្ឈមណ្ឌល មិនមានទទួលរងរបួសរាងកាយឡើយ។

មជ្ឈមណ្ឌលអ៊ីស្លាម ICSD ដែលមានទាំងវិហារអ៊ីស្លាម និងសាលារៀន ស្ថិតនៅតំបន់ Clairemont ភាគខាងជើងកណ្តាលទីក្រុងសានឌីអេហ្គោ ជាទីតាំង សម្រាប់មនុស្សគ្រប់សាសនា មកជួបជុំ អធិស្ឋាន សិក្សា និងប្រារព្ធពិធីផ្សេងៗដោយសន្តិភាព។

ហេតុការណ៍នេះបានកើតឡើង ស្របពេលសហរដ្ឋអាមេរិកកំពុងប្រឈមនឹងការកើនឡើងនៃអារម្មណ៍ប្រឆាំងមូស្លីម និងការរើសអើងសាសនា។ មន្ត្រីជាច្រើនទូទាំងប្រទេសបានចេញមុខថ្កោលទោសការបាញ់ប្រហារនេះ និងអំពាវនាវឱ្យមានការពង្រឹងសន្តិសុខនៅតាមទីកន្លែងគោរពសាសនានានា។

ដោយឡែក បន្ទាប់ពីហេតុការណ៍នេះ នាយកដ្ឋានប៉ូលិសទីក្រុងញូវយ៉ក (NYPD) បានប្រកាសបង្កើនកម្លាំងការពារនៅតាមវិហារអ៊ីស្លាមនានា ទោះបីមិនទាន់មានព័ត៌មានបញ្ជាក់អំពីការគំរាមកំហែងជាក់លាក់នៅទីក្រុងញូវយ៉កក៏ដោយ។

ប្រភព៖ Aljazeera