ក្រសួងពាណិជ្ជកម្ម ចាប់ផ្តើមការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីពង្រឹងប្រសិទ្ធភាពរដ្ឋបាល និងអភិបាលកិច្ច
នាព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៃក្រសួងមុខងារសាធារណៈ បានចាប់ផ្តើមយុទ្ធនាការចុះពិនិត្យ និងផ្ទៀងផ្ទាត់វត្តមានមន្ត្រីរាជការដែលកំពុងបំពេញការងារនៅតាមបណ្តាអង្គភាពចំណុះទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីធានាបាននូវសង្គតិភាពការងារប្រកបដោយនិរន្តរភាព និងមិនឱ្យមានការរអាក់រអួលដល់ ខ្សែច្រវាក់ប្រតិបត្តិការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងធុរជន។



យុទ្ធនាការនេះ មានការអញ្ជើញចុះពិនិត្យដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿន និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាគ្រប់លំដាប់ថ្នាក់នៃក្រសួងពាណិជ្ជកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងចូលរួមសហការ យ៉ាងជិតស្និទ្ធយ។
គួរបញ្ជាក់ផងដែរថា យុទ្ធនាការជំរឿននេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ ២០ ឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណង ដើម្បីទទួលបានទិន្នន័យច្បាស់លាស់ គណនេយ្យភាព និងសង្គតិភាព ក្នុងការជំរុញការកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព។
ជាងនេះទៅទៀត ក្រសួងពាណិជ្ជកម្ម គឺជាស្ថាប័នទី៦ ដែលបានអនុវត្តកិច្ចការនេះ បន្ទាប់ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយការធ្វើបច្ចុប្បន្នភាពនេះ គឺជាជំហានយុទ្ធសាស្ត្រក្នុងការប្រមូលទិន្នន័យមន្ត្រីឱ្យបានច្បាស់លាស់ គណនេយ្យភាព និងគ្រប់ជ្រុងជ្រោយ ដើម្បីបម្រើឱ្យការរៀបចំរចនាសម្ព័ន្ធស្ថាប័នឱ្យកាន់តែមានភាពរស់រវើក ប្រកបដោយផលិតភាពខ្ពស់ ស្របតាមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងសេវាសាធារណៈជូនប្រជាពលរដ្ឋ និងធុរជន សំដៅគាំទ្រដល់បរិយាកាសធុរកិច្ច និងការរីកចម្រើនសេដ្ឋកិច្ចជាតិ៕
ប្រភព៖ ក្រសួងពាណិជ្ជកម្ម















