លោក Donald Trump អះអាងយ៉ាងខ្លីថា “មិនត្រូវការ” ជំនួយពីចិន ដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់ទេ!
ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានថ្លែងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក “មិនត្រូវការ” ជំនួយពីប្រទេសចិន ដើម្បីបញ្ចប់ជម្លោះជាមួយ អ៊ីរ៉ង់ នោះទេ ខណៈក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែងកំពុងថយចុះ ហើយទីក្រុងតេអ៊ីរ៉ង់ បានរឹតបន្តឹងការគ្រប់គ្រងលើច្រកសមុទ្រ Strait of Hormuz កាន់តែខ្លាំងឡើង។

មុនកិច្ចប្រជុំកំពូលនៅទីក្រុង Beijing លោក Trump បានបញ្ជាក់ថា លោកមិនចាំបាច់ត្រូវសហការជាមួយប្រធានាធិបតីចិន Xi Jinping ដើម្បីដោះស្រាយជម្លោះនេះឡើយ ទោះបីជាសង្គ្រាមបានបន្តប៉ះពាល់ដល់ចរាចរណ៍ផ្លូវសមុទ្រ ដែលជាផ្លូវដឹកជញ្ជូនប្រេងប្រមាណមួយភាគប្រាំនៃការផ្គត់ផ្គង់ពិភពលោកក៏ដោយ។
លោក Trump បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំមិនគិតថាយើងត្រូវការជំនួយណាមួយពីចិន ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ទេ។ យើងនឹងឈ្នះតាមមធ្យោបាយមួយ ឬមធ្យោបាយផ្សេងទៀត ដោយសន្តិវិធី ឬវិធីផ្សេង ដោយកម្លាំងអាមេរិកផ្ទាល់»។
រដ្ឋបាលលោក Trump បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់អាមេរិក និងចិន បានព្រមព្រៀងគ្នាកាលពីខែមុនថា មិនគួរមានប្រទេសណាមួយគិតថ្លៃលើចរាចរណ៍ឆ្លងកាត់តំបន់ច្រកសមុទ្រនេះបានឡើយ។ ចិន ដែលរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ និងជាអ្នកទិញប្រេងសំខាន់របស់ខ្លួន មិនបានជំទាស់ចំពោះជំហរនេះទេ។
ជាមួយគ្នានេះ សហរដ្ឋអាមេរិកនៅតែបន្តទាមទារឱ្យអ៊ីរ៉ង់បញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែរ និងដកការរឹតបន្តឹងលើច្រកសមុទ្រ Hormuz ដោយផ្ទុយពីអ៊ីរ៉ង់ បានទាមទារសំណងសម្រាប់ការខូចខាតពីសង្គ្រាម ការដកការបិទផ្លូវរបស់អាមេរិក និងការបញ្ចប់សង្គ្រាមនៅតំបន់ផ្សេងៗ រួមទាំងនៅ Lebanon ផងដែរ។ ស្របពេលជាមួយគ្នានេះ លោក Trump បានច្រានចោលការទាមទារទាំងនេះ ដោយហៅថា ជាពាក្យ «សំរាម»។
ទោះជា លោក Trump ទទួលបានការខាតបង់ ឬអតិបរមាកើនឡើងតម្លៃក្នុងប្រទរសមានកម្រិតខ្ពស់យ៉ាងណា ក៏លោក បញ្ជាក់ថា បញ្ហាហិរញ្ញវត្ថុរបស់ប្រជាជនអាមេរិក មិនមានឥទ្ធិពលលើការសម្រេចចិត្តរបស់លោកចំពោះសង្គ្រាមអ៊ីរ៉ង់ឡើយ។ លោកបានថ្លែងថា៖ «រឿងតែមួយគត់ដែលសំខាន់ គឺអ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ»។
ប្រភព៖ Reuters















