|

លោក Peter Magyar ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីថ្មី ដោយស្បថផ្លាស់ប្តូរប្រព័ន្ធនយោបាយឡើងវិញ ក្រោយមានវិបត្តិសេដ្ឋកិច្ចអស់រយៈពេលជាច្រើនឆ្នាំ!


លោក Peter Magyar មេដឹកនាំនយោបាយកណ្ដាល បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេស Hungary នៅថ្ងៃសៅរ៍នេះ ដោយស្បថថានឹងនាំមកនូវការផ្លាស់ប្តូរថ្មី បន្ទាប់ពីប្រទេស បានប្រឈមនឹងភាពជាប់គាំងផ្នែកសេដ្ឋកិច្ចអស់រយៈពេលជាច្រើនឆ្នាំ និងរងភាពតានតឹងជាមួយសម្ព័ន្ធមិត្តលោកខាងលិចក្រោមការដឹកនាំរបស់លោក Viktor Orban។

លោក Magyar បានទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ដោយបានផ្តួលលោក Orban ដែលបានកាន់អំណាចអស់រយៈពេល១៦ឆ្នាំកន្លងមក។ ជ័យជម្នះនេះបានផ្តល់ឱ្យគណបក្ស Tisza Party របស់លោក នូវសំឡេងភាគច្រើនគ្រប់គ្រាន់សម្រាប់ធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ខណៈអ្នករិះគន់មួយចំនួន ក៏បានលើកឡើងផងដែរថា “រដ្ឋាភិបាលមុនបានធ្វើឱ្យប្រទេសចុះខ្សោយ”។

នៅក្នុងសុន្ទរកថា ក្រោយពិធីស្បថចូលកាន់តំណែង លោក Magyar បានថ្លែងថា ប្រជាជនហុងគ្រីបានផ្តល់អាណត្តិដល់រដ្ឋាភិបាលថ្មី ដើម្បីបញ្ចប់ភាពជាប់គាំងជាច្រើនទសវត្សរ៍ និងបើកជំពូកថ្មីមួយសម្រាប់ប្រទេស ដោយបញ្ជាក់ថា “ការផ្លាស់ប្តូរនេះ” មិនមែនគ្រាន់តែជាការផ្លាស់ប្តូររដ្ឋាភិបាលប៉ុណ្ណោះទេ “ប៉ុន្តែជាការផ្លាស់ប្តូរប្រព័ន្ធទាំងមូល” ដើម្បីចាប់ផ្តើមស្ថាបនាប្រទេសឡើងវិញ។

ទោះជាយ៉ាងណា រដ្ឋាភិបាលថ្មីកំពុងប្រឈមមុខផងដែរ ទាក់ទងនឹងបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន ខណៈប្រទេសនេះ ទើបតែងើបចេញពីភាពជាប់គាំងផ្នែកសេដ្ឋកិច្ច និងកំពុងរងសម្ពាធពីការកើនឡើងថ្លៃថាមពលដែលពាក់ព័ន្ធនឹងភាពតានតឹងនៅមជ្ឈិមបូព៌ា។

តាមរយៈ ទិន្នន័យផ្លូវការចេញផ្សាយកាលពីថ្ងៃសុក្របានបង្ហាញថា ឱនភាពថវិកាចំណាយរបស់ប្រទេសហុងគ្រីបានឈានដល់ ៧១% នៃគោលដៅប្រចាំឆ្នាំត្រឹម ខែមេសា ដែលភាគច្រើនបណ្តាលមកពីការចំណាយមុនការបោះឆ្នោតរបស់រដ្ឋាភិបាលមុន។

ជាមួយគ្នានេះ លោក Magyar បានព្រមានថា ឱនភាពនៃថវិកាអាច កើនដល់ ៧% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំនេះ ហើយបានសន្យាថានឹងអនុវត្តវិធានការស្តារហិរញ្ញវត្ថុសាធារណៈ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញឲ្យបានឆាប់។ ដោយឡែក លោកក៏បានប្តេជ្ញាស្តារទំនាក់ទំនងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តលោកខាងលិច និងបញ្ជាក់ឡើងវិញអំពីទិសដៅនយោបាយបែបអឺរ៉ុបរបស់ហុងគ្រី។

ប្រភព៖ Reuters