សិស្សអាល្លឺម៉ង់ជាង ៥ មុឺននាក់ ផ្ទុះកូដកម្ម ប្រឆាំងគោលនយោបាយបំពាក់អាវុធ និងកេណ្ឌយុវជនចូលសង្គ្រាមឡើងវិញ របស់អាល្លឺម៉ង់!
សិស្សានុសិស្សរាប់ម៉ឺននាក់នៅទូទាំងប្រទេសអាល្លឺម៉ង់ បានចូលរួមធ្វើកូដកម្ម និងបាតុកម្មទ្រង់ទ្រាយធំ ដើម្បីប្រឆាំងនឹងគោលនយោបាយបំពាក់អាវុធឡើងវិញ និងការពង្រឹងវិស័យយោធារបស់រដ្ឋាភិបាលអាល្លឺម៉ង់។



ក្រុមអ្នករៀបចំបានឱ្យដឹងថា ការតវ៉ានេះមានគោលបំណងបង្ហាញការបដិសេធចំពោះគោលនយោបាយដែលពួកគេចាត់ទុកថា កំពុងប្រែក្លាយយុវជនទៅជា “ចំណីកាំភ្លើងធំ” ក្នុងបរិបទនៃការកើនឡើងភាពតានតឹងផ្នែកសន្តិសុខនៅអឺរ៉ុប។
ទោះបីជាមានការព្រមានពីសមាគមគ្រូបង្រៀន និងក្រសួងអប់រំថា សិស្សដែលចូលរួមបាតុកម្មក្នុងម៉ោងសិក្សាអាចប្រឈមមុខនឹងវិធានការពិន័យ ឬការបណ្តេញចេញក៏ដោយ ក្រុមអ្នករៀបចំអះអាងថា ចំនួនអ្នកចូលរួមអាចនឹងស្មើ ឬលើសពីការតវ៉ាពីរលើកមុន ដែលមានអ្នកចូលរួមប្រមាណ ៥០.០០០ នាក់។
ការតវ៉ានេះកើតឡើងបន្ទាប់ពីរដ្ឋាភិបាលអាល្លឺម៉ង់ ដឹកនាំដោយអធិការបតី Friedrich Merz បានជំរុញការកែទម្រង់គោលនយោបាយសេវាកម្មយោធា ដោយអះអាងថា ប្រទេសត្រូវការពង្រឹងសមត្ថភាពការពារជាតិ ចំពេលមានការគំរាមកំហែងផ្នែកសន្តិសុខកាន់តែខ្លាំង បន្ទាប់ពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
ក្រោមច្បាប់ទំនើបកម្មសេវាកម្មយោធាថ្មី អាជ្ញាធរនឹងផ្ញើកម្រងសំណួរទៅកាន់យុវជនអាយុ ១៨ ឆ្នាំទាំងអស់ ដើម្បីវាយតម្លៃពីឆន្ទៈ និងសមត្ថភាពក្នុងការបម្រើយោធា។ ចាប់ពីឆ្នាំក្រោយទៅ ការធ្វើតេស្តវេជ្ជសាស្ត្រជាកាតព្វកិច្ច ក៏នឹងត្រូវអនុវត្តផងដែរ។
ទោះបីច្បាប់ថ្មីមិនទាន់កំណត់ឱ្យមានការចូលបម្រើយោធាជាកាតព្វកិច្ចក៏ដោយ រដ្ឋមន្ត្រីការពារជាតិ លោក Boris Pistorius បានបញ្ជាក់ថា វិធានការនេះនឹងមាននាពេលអនាគត ប្រសិនបើការជ្រើសរើសកងទ័ពស្ម័គ្រចិត្តមិនគ្រប់គ្រាន់។
ជាមួយគ្នានេះ រដ្ឋាភិបាលអាល្លឺម៉ង់បានប្រកាសគម្រោងចំណាយប្រមាណ ៧៧៩ ពាន់លានអឺរ៉ូ សម្រាប់វិស័យការពារជាតិរហូតដល់ចុងទសវត្សរ៍នេះ ដែលជាការកើនឡើងយ៉ាងខ្លាំងបើធៀបនឹងរយៈពេលប្រាំឆ្នាំមុន។ ការចំណាយនេះមានគោលបំណងធ្វើឱ្យអាល្លឺម៉ង់អាចឈានដល់គោលដៅចំណាយយោធារបស់អង្គការណាតូស្មើ ៣,៥% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០៣០។
អធិការបតី Friedrich Merz បានចាត់ទុកការពង្រឹងវិស័យយោធាថា ជាកត្តាចាំបាច់សម្រាប់សន្តិសុខរយៈពេលវែងរបស់អាល្លឺម៉ង់ និងអឺរ៉ុប ដោយលោកបានលើកឡើងថា “ប្រសិនបើចង់បានសន្តិភាព ត្រូវត្រៀមខ្លួនសម្រាប់សង្គ្រាម”។
ទោះជាយ៉ាងណា ក្រុមយុវជនបាតុករអះអាងថា ការចំណាយយ៉ាងច្រើនលើវិស័យយោធា កំពុងផ្ទុយពីបញ្ហាជាក់ស្តែងដែលយុវជនកំពុងប្រឈម ដូចជា ការខ្វះថវិកាអប់រំ បញ្ហាលំនៅដ្ឋាន និងការខ្វះគ្រូបង្រៀន។
ជាងនេះទៅទៀត នៅក្នុងបាតុកម្មកន្លងមក សិស្សានុសិស្សបានកាន់បដាដែលមានពាក្យស្លោកដូចជា “យុវជនចង់បានអនាគត មិនមែនសង្គ្រាម” និង “ការអប់រំប្រសើរជាងការហ្វឹកហាត់យោធា” ដើម្បីបង្ហាញពីការបដិសេធចំពោះគោលនយោបាយយោធាភាវូបនីយកម្មរបស់រដ្ឋាភិបាល។
ប្រភព៖ The Guardian















