សម្ដេច ហ៊ុន សែន ស្នើឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិភាក្សាបើកសាលារៀនឡើងវិញនៅតំបន់មួយចំនួន
ដោយ៖ ផាត់ គឹមឆែ
ស្ថានភាពនៃជំងឺឆ្លងកូវីដ-១៩ បានអូសបន្លាយពេលយ៉ាងយូរ។ វិបត្តិនេះ បានធ្វើឲ្យប៉ះពាល់ដល់វិស័យផ្សេងៗជាច្រើន ក្នុងនោះមានវិស័យអប់រំដែលជាវិស័យចម្បងមួយ។ ជាទូទៅជំងឺនេះបានប្រមូលផ្ដុំនៅតាមទីប្រជុំជនភាគច្រើន ឯតំបន់ជនបទហាក់ដូចជាកើតឡើងតិចតួច ប៉ុន្តែសាលារៀននៅតាមខេត្តក៏តម្រូវឲ្យបិទផងដែរ ដែលការបិទគ្រឹះស្ថានសិក្សាគ្រប់កម្រិត សំដៅដល់ការកាត់បន្ថយ ការពារការឆ្លងរីករាលដាលកាន់តែខ្លាំង និងជាការចាំបាច់ការការពារអាយុជីវិតដល់ប្រជាជនផងដែរ។
កន្លងមកមានការអនុវត្តវិធានការសុខាភិបាល និងយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងរាជធានីខេត្ត ដែលនាំឲ្យតួលេខនៃការឆ្លងបានធ្លាក់ចុះ និងមិនសូវបង្កហានិភ័យនៃការឆ្លងក្នុងប្រទេស។ ឯនៅតំបន់ខ្លះតាមទីជនបទមានការឆ្លងតិចតួចណាស់ និងមិនមានការឆ្លងក៏មាន។ ទាក់ទងនឹងបញ្ហានេះ តាមរយៈសារសំឡេងពិសេស របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទៅឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំពិភាក្សាជាមួយបណ្ដារាជធានី ខេត្ត លើការកំណត់បើកទីតាំង បើកសាលារៀនមួយចំនួនដែលពុំមានជំងឺឆ្លង។
ក្នុងសេចក្ដីនោះ សម្ដេចបានលើកឡើងថា៖ “យើងកំពុងចាក់វ៉ាក់សាំង សម្រាប់កុមារពី១២ឆ្នាំ ដល់១៨ឆ្នាំ។ ស្ថានភាពចាក់វ៉ាក់សាំងនៅពេលនេះ ក្នុងចំណោមកុមារនិងយុវវ័យដែលមានអាយុដល់១៥ ឆ្នាំប្រមាណ២លាននាក់ បានចាក់វ៉ាក់សាំងជាង១លាន៥សែននាក់មកហើយ។ ដោយសង្កេតឃើញសាលានៅតាមជនបទមួយចំនួនដែលពុំមានការឆ្លង យើងអាចមានលទ្ធភាពបើកសាលារៀននោះ ដោយមិនរង់ចាំការបើកសាលាទូទាំងប្រទេសនោះទេ។ យើងគួរជ្រើសរើសតាមភូមិ តាមឃុំ ដែលពុំមានការកើតនូវជំងឺឆ្លង ឲ្យកុមារា កុមារីបានចូលសិក្សា ដោយធានាសុវត្ថិភាព រក្សានូវគគម្លាតសុវត្ថិភាព និងរក្សាការអនុវត្តតាមវិធានការសុខាភិបាល”។
សម្ដេចបានបន្តទៀតថា “យើងកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក ប្រសិនបើយើងនៅបន្តបិទតទៅទៀត សិស្សអាចនឹងភ្លេចអក្សរ និងបោះបង់ការសិក្សាជាដើម។ ម្យ៉ាងទៀត ទោះបីមានការបង្កើតការរៀនតាមប្រព័ន្ធអនឡាញ ប៉ុន្តែកុមារក្រីក្រ ពុំមានលទ្ធភាព និងពុំមានសេវាគ្រប់គ្រាន់សម្រាប់រៀនសូត្រនោះទេ។ ដូចនេះយើងអាចពិចារណាបើកសាលារៀនបឋមសិក្សា និងមធ្យមសិក្សា កម្រិត១ និងកម្រិត២ នៅតំបន់ដែលពុំមានការឆ្លងឲ្យសិស្សានុសិស្សទទួលបានការសិក្សាដោយផ្ទាល់។ អនុវត្តការរៀនចម្រុះរវាងការរៀនផ្ទាល់ និងរៀនពីចម្ងាយ ចំពោះតំបន់ណាដែលមានការឆ្លងតិច ហើយមានសេវាអ៊ីនធឺណេតគ្រប់គ្រាន់ និងបន្តការរៀនពីចម្ងាយចំពោះតំបន់ណាដែលមានការឆ្លងច្រើន”។
យោងតាមការប្រសាសន៍របស់សម្ដេច នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “មិនយូរប៉ុន្មាន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ កុមារា កុមារី យុវជន សិស្សានុសិស្ស បានទទួលភាពស៊ាំពីវ៉ាក់សាំងទាំងដូសទី១ ដូសទី២ និងដូសជំរុញ។ ដូច្នេះ ក្មេងអាយុក្រោម១២ឆ្នាំ ក៏អាចចូលរៀនបានដែរ ក្នុងករណីតំបន់ដែលពុំមានការឆ្លងទៅតាមខេត្តនីមួយៗ”។ គួរបញ្ជាក់ផងដែរថា យុទ្ធនាការចាក់វ៉ាក់សាំង បានធ្វើឲ្យភាពស៊ាំបាននឹងកំពុងកើតឡើងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្ត ដោយការឆ្លងមានចំនួនធ្លាក់ចុះ ហើយអត្រាស្លាប់ក៏មានការថយចុះ ដែលជាចំណុចវិជ្ជមាននៃការដំណើរការសង្គមសេដ្ឋកិច្ចទូទាំងប្រទេស ដែលក្នុងនោះមានវិស័យអប់រំ និងពន្លឿនការអភិវឌ្ឍធនធានមនុស្ស។
កែសម្រួលដោយ៖ BRANDMEDIA