ស្ថានទូតអាមេរិក ប្រចាំទីក្រុងបេរូត អំពាវនាវឲ្យប្រជាពលរដ្ឋអាមេរិក ដែលរស់នៅក្នុងប្រទេសលីបង់ ត្រូវចាកចេញជាបន្ទាន់!
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងបេរូត បានចេញសេចក្ដីអំពាវនាវកាលពីថ្ងៃទី២២ ខែមេសា ឲ្យពលរដ្ឋអាមេរិកដែលកំពុងស្នាក់នៅក្នុងប្រទេសលីបង់ ចាកចេញពីប្រទេសនេះឲ្យបានឆាប់រហ័ស ខណៈដែលបរិយាកាសសន្តិសុខត្រូវបានគេមើលឃើញថា កាន់តែ“ស្មុគស្មាញ” និង “អាចគ្រោះថ្នាក់” យ៉ាងឆាប់រហ័ស”។


យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយកាលពីថ្ងៃពុធ ស្ថានទូតបានលើកឡើងថា ពលរដ្ឋអាមេរិកគួរតែចាកចេញពីប្រទេសលីបង់ នៅពេលដែលជម្រើសជើងហោះហើរពាណិជ្ជកម្មនៅតែមានស្រាប់។ ទន្ទឹមនឹងនេះ ស្ថានទូតក៏បានណែនាំឲ្យអ្នកដែលជ្រើសរើសនៅបន្ត ត្រូវរៀបចំផែនការសង្គ្រោះបន្ទាន់សម្រាប់ស្ថានភាពអាសន្ន និងតាមដានព័ត៌មានអំពីការវិវត្តថ្មីៗយ៉ាងជិតស្និទ្ធ។
ស្ថានទូតបានព្រមានបន្ថែមថា មានហានិភ័យបន្តបន្ទាប់នៃអំពើភេរវកម្ម និងការចាប់ជំរិតនៅទូទាំងប្រទេសលីបង់។ ជាពិសេស តំបន់ដែលជាទីទស្សនារបស់ពលរដ្ឋ និងភ្ញៀវទេសចរអាមេរិកនៅទីក្រុងបេរូត និងតំបន់ផ្សេងៗ អាចក្លាយជាគោលដៅនៃការវាយប្រហារបាន។
ក្នុងន័យនេះ ស្ថានទូតបានអំពាវនាវឲ្យពលរដ្ឋអាមេរិក ជៀសវាងការចូលរួមក្នុងការតវ៉ា ការជួបជុំធំៗ និងសកម្មភាពណាមួយដែលអាចបង្កហានិភ័យដល់សុវត្ថិភាពផ្ទាល់ខ្លួន។
ប្រភព៖ U.S Embassy Beirut











