|

និស្សិតមីយ៉ាន់ម៉ា ២១ រូប បានបញ្ចប់ការសិក្សាជំនាញអវយវៈសិប្បនិម្មិតនៅកម្ពុជា និងត្រៀមយកចំណេះដឹងទៅជួយជនពិការនៅមាតុភូមិវិញ!


នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសមជាមួយ និស្សិតមីយ៉ាន់ម៉ាចំនួន២១រូប និងក្រុមយុទ្ធសាស្ត្ររបស់អង្គការ Exceed ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធ។

ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ឱកាសដល់និស្សិតមីយ៉ាន់ម៉ា បានបន្តការសិក្សា និងបញ្ចប់ដោយជោគជ័យនូវជំនាញវិស្វកម្មឧបករណ៍អវយវៈសិប្បនិម្មិត និងរណប នៅមហាវិទ្យាល័យវិស្វកម្មឧបករណ៍អវយវៈសិប្បនិម្មិត និងរណបកម្ពុជា។ និស្សិតទាំងនេះត្រូវបានផ្ទេរមកពីប្រទេសមីយ៉ាន់ម៉ា ក្រោមការគាំទ្រពីមូលនិធិជប៉ុន និងអង្គការ Exceed Worldwide ដោយមានការទទួលស្គាល់ក្រេឌីតសិក្សាយ៉ាងពេញលេញពីក្រសួងអប់រំ យុវជន និងកីឡា តាំងពីឆ្នាំ២០២២ កន្លងមកនេះ។ បច្ចុប្បន្ន ក្រុមនិស្សិត បានបញ្ចប់ការសិក្សាជាស្ថាពរ ហើយគ្រោងនឹងធ្វើដំណើរត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញនាពេលខាងមុខនេះ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរដល់និស្សិត និងគ្រូឧទ្ទេសទាំងអស់ ដែលបានបញ្ចប់ការសិក្សា និងការចុះអនុវត្តការងារផ្ទាល់នៅកម្ពុជាដោយជោគជ័យ ព្រមទាំងបានលើកឡើងពីគុណតម្លៃនៃការសិក្សាជំនាញឯកទេសផ្នែកឧបករណ៍អវយវៈសិប្បនិម្មិតនេះថា គឺជាការផ្ដល់ “ជីវិតទីពីរ” ដល់ជនមានពិការភាព ព្រោះកម្ពុជាធ្លាប់មានបទពិសោធរងគ្រោះដោយសារគ្រាប់មីន និងសង្គ្រាមនាពេលអតីតកាល ដែលធ្វើឱ្យប្រជាជនបាត់បង់សមត្ថភាពការងារ និងការរស់នៅ។

ជាមួយគ្នានេះ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការបំពាក់អវយវៈសិប្បនិម្មិត មិនត្រឹមតែជួយឱ្យពួកគេអាចប្រកបរបរចិញ្ចឹមជីវិតបានឡើងវិញប៉ុណ្ណោះទេ ថែមទាំងផ្ដល់នូវសេចក្ដីសង្ឃឹម និងលទ្ធភាពក្នុងការរស់នៅដោយឯករាជ្យម្ចាស់ការក្នុងសង្គម។

ប្រភព៖ MoEYS