ហេតុផលដែលនិស្សិតគួរធ្វើការបណ្ដើរ និងរៀនបណ្ដើរ


ដោយ៖ សន ស្រីពេជ្រ

នាពេលបច្ចុប្បន្ននេះយើងបានឃើញរួចមកហើយថា និស្សិតដែលកំពុងបន្តការសិក្សាមិនថានៅជនបទ តាមបណ្តាខេត្ត ឬក៏នៅទីក្រុងនោះទេ ភាគច្រើនគឺនិស្សិតធ្វើការបណ្ដើរ និងរៀនបណ្ដើរ។ ការដែលរៀនបណ្ដើរ ធ្វើការបណ្ដើរ វាអាចជាផលវិបាកដល់និស្សិតមួយចំនួន តែវាក៏ជាផលល្អសម្រាប់និស្សិតមួយចំនួនផងដែរ។ ការដែលធ្វើបែបនេះវាមានទាំងគុណសម្បត្តិ និងគុណវិបត្តិ ប៉ុន្តែមានហេតុផលជាច្រើនដែលនិស្សិតគួរតែរៀនបណ្ដើរ និងធ្វើការបណ្ដើរ៖

យុវនិស្សិត ឣេង ធារ៉ូ ជានិស្សិតឆ្នាំទី៣ ផ្នែកឣភិវឌ្ឍជនបទ នៅមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម នៃសកលវិទ្យាល័យជាស៊ីមកំចាយមារ បានធ្វើការរៀបរាប់ថា៖ «ការធ្វើការបណ្ដើរ និងសិក្សាបណ្ដើរ គឺមានសារៈសំខាន់ណាស់ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនឯងឱ្យកាន់តែល្ឣប្រសើរ និងបានថវិកាខ្លះដើម្បីចំណាយក្នុងការរស់នៅ រៀនសូត្រប្រចាំថ្ងៃ។ មូលហេតុដែលសិស្សនិស្សិតធ្វើការបណ្ដើរ សិក្សាបណ្ដើរមានដូចខាងក្រោមនេះ៖

១- ចង់បានបទពិសោធន៍ពីការងារ៖ គឺមានភាពក្លាហាន រឹងមាំជាងមុនដោយបានឆ្លងកាត់នូវទិដ្ឋភាពសង្គមខាងក្រៅ ក៏ដូចជាបានវាស់ស្ទង់សមត្ថភាពរបស់ខ្លួនឯង និងខិតខំឣភិវឌ្ឍខ្លួនឯងឱ្យកាន់តែល្ឣប្រសើរ។

២- បានថវិកាដើម្បីសម្រាលបន្ទុកក្នុងគ្រួសារ៖ យើងបានដឹងស្រាប់ហើយថានិស្សិតមួយចំនួនធំ គឺមកពីជនបទដែលមានជីវភាពខ្វះខាត ដូច្នេះហើយត្រូវការថវិកាដើម្បីយកមកចាយវាយ ទិញសម្ភារ:សិក្សា និងបង់ថ្លៃសាលាជាដើម តែបើចំណូលបានមកពីធ្វើការបានខ្ពស់គាត់ឣាចផ្គត់ផ្គង់ដល់ជីវភាពគ្រួសារក៏មាន។

៣- បង្កើនទំនាក់ទំនងទៅមនុស្សជំវិញខ្លួន៖ ក្នុងការរស់នៅធ្វើការប្រចាំថ្ងៃ យើងតែងតែមានការប្រាស្រ័យទាក់ទងគ្នាជាមួយមនុស្សជំវិញខ្លួន  ដូចច្នេះ យើងបានជួបមនុស្សគ្រប់ស្រទាប់វណ្ណ:ផងដែរ ហើយនេះជាឱកាសក្នុងការបង្កើតទំនាក់ទំនងជាមួយមនុស្សទូទៅ។

ទាំងនេះជាមូលហេតុសំខាន់ៗដែលនិស្សិតគួរតែធ្វើការបណ្ដើរ និងរៀនបណ្ដើរប្រសិនបើអាច។ ខាងលើនេះគ្រាន់តែជាការយល់ឃើញរបស់យុវនិស្សិតយើងតែប៉ុណ្ណោះ ព្រោះថាកំលុងពេលដែលរៀននៅមហាវិទ្យាល័យ អ្នកនឹងទទួលបានបទពិសោធន៍ពីការងារក្រៅម៉ោងបានច្រើន។ អ្នកនឹងអាចយល់ច្បាស់ពីការងារដែលអ្នកបានធ្វើកន្លងមក ដើម្បីធ្វើជាទុនទៅថ្ងៃអនាគត។