អ៊ីរ៉ង់បដិសេធការចរចាជុំទី២ ជាមួយអាមេរិកនៅប៉ាគីស្ថាន ខណៈអាមេរិកគំរាមវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ីរ៉ង់ ប្រសិនបើគ្មានកិច្ចព្រមព្រៀងកើតឡើង
អ៊ីរ៉ង់បានប្រកាសនៅថ្ងៃចន្ទ នេះថា ខ្លួនមិនមានគម្រោងបញ្ជូនអ្នកចរចាទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីចូលរួមកិច្ចចរចាជុំថ្មីជាមួយសហរដ្ឋអាមេរិកឡើយ ខណៈដែលភាពតានតឹងកំពុងកើនឡើង និងថ្ងៃផុតកំណត់នៃបទឈប់បាញ់កំពុងខិតជិតមកដល់។



អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានថ្លែងថា សហរដ្ឋអាមេរិកបាន “រំលោភលើបទឈប់បាញ់តាំងពីដើមមក” ដោយយោងទៅលើការបិទច្រកសមុទ្រ Strait of Hormuz និងការរឹបអូសនាវាដឹកទំនិញអ៊ីរ៉ង់ដោយកងទ័ពជើងទឹកអាមេរិក ដែលអ៊ីរ៉ង់ចាត់ទុកថាជាការរំលោភទាំងបទឈប់បាញ់ និងច្បាប់អន្តរជាតិ។
លោកបានព្រមានថា ប្រសិនបើមានការឈ្លានពានថ្មីពីសហរដ្ឋអាមេរិក ឬអ៊ីស្រាអែល កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់នឹងឆ្លើយតបវិញភ្លាមៗ។ ជាមួយគ្នានេះ អ៊ីរ៉ង់ក៏បានបញ្ជាក់ថា សំណើ ១០ចំណុចរបស់ខ្លួន នៅតែជាមូលដ្ឋានសម្រាប់ការចរចាណាមួយនៅពេលអនាគតផងដែរ។
ទន្ទឹមនឹងនេះ ប៉ាគីស្ថានដែលដើរតួនាទីជាអ្នកសម្របសម្រួលសំខាន់ បានបន្តបង្ហាញក្តីសង្ឃឹមថា អាចនាំភាគីទាំងពីរត្រឡប់មកតុចរចាវិញ។ រដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដបានត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចចរចាជុំទីពីរ ដោយមានគោលបំណងឈានទៅរកកិច្ចព្រមព្រៀងបណ្តោះអាសន្ន ដើម្បីពន្យារបទឈប់បាញ់ និងបង្កើនឱកាសសន្តិភាពរយៈពេលវែង។
យ៉ាងណាក៏ដោយ មន្ត្រីប៉ាគីស្ថានបានទទួលស្គាល់ថា ភាពតានតឹងដែលកើនឡើងក្នុងពេលថ្មីៗនេះ បានធ្វើឱ្យទស្សនវិស័យនៃការចរចាកាន់តែមានភាពមិនច្បាស់លាស់។
ជាមួយគ្នានេះ ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានប្រកាសថា គណៈប្រតិភូអាមេរិកនឹងធ្វើដំណើរទៅកាន់ប៉ាគីស្ថានសម្រាប់ការចរចាជុំទីពីរ ប៉ុន្តែបានភ្ជាប់ជាមួយនឹងការគំរាមកំហែងថា អាចវាយប្រហារលើគ្រឿងបរិក្ខារថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ីរ៉ង់ ប្រសិនបើគ្មានកិច្ចព្រមព្រៀងកើតឡើង។
បន្ថែមពីនេះ កងទ័ពជើងទឹកអាមេរិកបានស្ទាក់ចាប់នាវាដឹកទំនិញអ៊ីរ៉ង់មួយនៅឈូងសមុទ្រអូម៉ង់ ដែលអ៊ីរ៉ង់បានប្រកាសថាជា “អំពើចោរសមុទ្រ”។ ហេតុការណ៍នេះបានធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ និងប៉ះពាល់ដល់ឱកាសនៃកិច្ចចរចាកាន់តែធ្ងន់ធ្ងរ។
ប្រភព៖ Aljazeera











