|

កម្ពុជា-កាណាដា ប្ដេជ្ញារួមគ្នាពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំលើគ្រប់វិស័យ


នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្តរបស់កាណាដា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ។

ទន្ទឹមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កាណាដា ក្នុងការជួយគាំទ្រការរៀបចំរបស់កម្ពុជា ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាពេលខាងមុខនេះ ឱ្យទទួលបានជោគជ័យ ព្រមទាំងបានបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់របស់កាណាដា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។

ដោយឡែក ចំពោះកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌតំបន់, ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់កម្ពុជា ដែលបានផ្ដល់ការគាំទ្រ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ កាណាដា-អាស៊ាន លើវិស័យសេដ្ឋកិច្ច និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACFTA) ដែលគ្រោងនឹងបញ្ចប់ និងចុះហត្ថលេខា នាពេលខាងមុខឆាប់ៗនេះ។

ជាមួយគ្នានេះ សម្ដេចធិបតីបានបន្តថាកន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានណែនាំឱ្យក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា បង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្ម នៅប្រទេសកាណាដា ដើម្បីជាស្ពានតភ្ជាប់ និងជួយពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងស្វែងរកកាលានុវត្តភាពថ្មីៗ ក្នុងការជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ឱ្យ កាន់តែខ្លាំងក្លា ថែមទៀត។

ជាងនេះផងដែរ សម្ដេចបានគូសបញ្ជាក់អំពីការត្រៀមខ្លួនជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកាណាដា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអន្តរជាតិ រួចក៏បានពិភាក្សាបន្ថែមលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ ពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ច, ការពារជាតិ និងសន្តិសុខ, ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។

ប្រភព៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត