|

ក្រុមហ៊ុនវាយកូនគោល AROSCO ដែលមានទីស្នាក់ការនៅចក្រភពអង់គ្លេស ប្តេជ្ញាប្រែក្លាយប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍កីឡាវាយកូនគោលលំដាប់អន្តរជាតិ!


នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ជា បូរ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីលោក Jaz Kanth នាយកប្រតិបត្តិក្រុមហ៊ុន AROSCO ព្រមទាំងសហការី។

ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ភាគីពាក់ព័ន្ធ បានផ្តោតសំខាន់ទៅលើដំណើរការរៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនគោលលំដាប់អន្តរជាតិផ្នែកនារី Cambodian Women’s Open ដែលគ្រោងនឹងប្រព្រឹត្តទៅនៅត្រីមាសទី១ ឆ្នាំ២០២៧ ដែលជាលើកដំបូង និងជាប្រវត្តិសាស្រ្តពុំធ្លាប់មាននៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការគាំទ្រលើគម្រោងរបស់ក្រុមហ៊ុន ដែលមានបំណងក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍កីឡាវាយកូនគោល និងត្រៀមរួចជាស្រេច ក្នុងការចូលរួមសម្របសម្រួលរៀបចំព្រឹត្តិការណ៍នេះ ដោយមានការសហការពីវិស័យឯកជន។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបញ្ជាក់ផងដែរថា កម្ពុជា មានសម្បទា និង ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ក្នុងការទទួលរៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនគោលលំដាប់អន្តរជាតិ ដែលនឹងជាតម្លៃបន្ថែមខ្ពស់ក្នុងការជំរុញការទាក់ទាញភ្ញៀវទេសចរនិងវិនិយោគិនអន្តរជាតិ។

ប្រភព៖ ក្រសួងទេសចរណ៍