សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឯកភាពគ្នាលើបទឈប់បាញ់ជាអចិន្ត្រៃយ៍ រយៈពេល ២សប្តាហ៍ ខណៈច្រកសមុទ្រ Hormuz ក៏ត្រូវបានបើកកំឡុងពេលនៃបទឈប់បាញ់!
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់ការយល់ព្រមលើបទឈប់បាញ់រយៈពេល ២សប្តាហ៍ ក្នុងបំណងបន្ថយភាពតានតឹង និងបើកផ្លូវសម្រាប់ការចរចាដោយសន្តិវិធីបន្ថែមទៀត។ មន្ត្រីអាមេរិកម្នាក់បានបញ្ជាក់ថា កងយោធាសហរដ្ឋអាមេរិកបានផ្អាកប្រតិបត្តិការវាយប្រហារលើអ៊ីរ៉ង់ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសពីកិច្ចព្រមព្រៀងនេះជាមួយភាគីអ៊ីរ៉ង់។

តាមការបញ្ជាក់ពីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ កងយោធារបស់ខ្លួននឹងសម្របសម្រួលការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូស ក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់ ដើម្បីធានាសុវត្ថិភាពនៃចរាចរណ៍សមុទ្រ និងស្ថេរភាពតំបន់។
នៅក្នុងការឆ្លើយតបផ្លូវការ ទីក្រុងតេអេរ៉ង់បានអះអាងថា ខ្លួនទទួលបានជ័យជម្នះ និងអាចបង្ខំឱ្យសហរដ្ឋអាមេរិកពិចារណាលើផែនការ ១០ចំណុច រួមមានការលើកទណ្ឌកម្ម និងការទទួលស្គាល់សកម្មភាពចម្រាញ់នុយក្លេអ៊ែររបស់ខ្លួន។ ទោះជាយ៉ាងណា ភាគីសហរដ្ឋអាមេរិកមិនទាន់បង្ហាញលម្អិតអំពីខ្លឹមសារផែនការនេះនៅឡើយទេ ប៉ុន្តែបានចាត់ទុកថាជាមូលដ្ឋានសម្រាប់ការចរចាបន្ត។
ក្នុងបរិបទនយោបាយក្នុងស្រុក សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Lindsey Graham បានបញ្ជាក់ថា សភាអាមេរិកត្រូវមានតួនាទីសំខាន់ក្នុងការអនុម័តកិច្ចព្រមព្រៀងណាមួយដែលពាក់ព័ន្ធនឹងការបញ្ចប់សង្គ្រាម។
ក្នុងពេលតែមួយ នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានអញ្ជើញគណៈប្រតិភូពីទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទៅចូលរួមការចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីជំរុញដំណោះស្រាយតាមផ្លូវការទូតបន្ថែម។
ទោះបីមានការយល់ព្រមលើបទឈប់បាញ់ក៏ដោយ ស្ថានភាពនៅតំបន់នៅតែមានភាពតានតឹង ដោយសេចក្តីរាយការណ៍បានបញ្ជាក់ថា ការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកនៅតែបន្តកើតមាននៅតំបន់ឈូងសមុទ្រ និងប្រទេសអ៊ីស្រាអែល ខណៈប្រទេសមួយចំនួនដូចជា គុយវ៉ែត និងអារ៉ាប់រួម កំពុងចាត់វិធានការការពារដើម្បីទប់ស្កាត់ការគំរាមកំហែងទាំងនេះ។
ជាមួយគ្នានេះ កិច្ចព្រមព្រៀងបទឈប់បាញ់ នឹងត្រូវបានគេចាត់ទុកថាជាជំហានដំបូងសំខាន់មួយក្នុងការបន្ថយភាពតានតឹងផ្នែកយោធា ប៉ុន្តែការរកដំណោះស្រាយយូរអង្វែងនៅតែអាស្រ័យលើលទ្ធផលនៃការចរចាការទូតក្នុងរយៈពេលខាងមុខ។
ប្រភព៖ CNN















