ប៉ាគីស្ថាន ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចា រវាងអាមេរិក-អ៊ីរ៉ង់ ក្នុងពេលឆាប់ៗនេះ ដើម្បីបន្ធូបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា!
ប្រទេសប៉ាគីស្ថាន បានប្រកាសថា ខ្លួននឹងធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងពេលឆាប់ៗខាងមុខ ទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការពីភាគីទាំងពីរនៅឡើយក៏ដោយ។ ការពិភាក្សានេះអាចធ្វើឡើងទាំងដោយផ្ទាល់ ឬដោយប្រយោល ខណៈស្ថានការណ៍សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកំពុងតែបន្តក្តៅគគុក។

រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar បានថ្លែងបន្ទាប់ពីកិច្ចប្រជុំជាមួយអ្នកការទូតកំពូលពីប្រទេសទួរគី អេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីតថា ប៉ាគីស្ថានមានមោទនភាពដែលទទួលបានការជឿទុកចិត្តពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងការសម្របសម្រួលកិច្ចចរចាដែលមានអត្ថន័យនេះ។
ទោះជាយ៉ាងណា មិនមានការឆ្លើយតបជាក់លាក់ពីទីក្រុងវ៉ាស៊ីនតោន ឬទីក្រុងតេអេរ៉ង់ឡើយ ខណៈដែលភាគីអ៊ីរ៉ង់នៅអង្គការសហប្រជាជាតិក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយដែរ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានថ្លែងថា សហរដ្ឋអាមេរិកកំពុងពិភាក្សាជាមួយអ៊ីរ៉ង់ ហើយការចរចាកំពុងដំណើរការល្អ ទោះបីជាលោកមិនបានបញ្ជាក់ពីតួនាទីរបស់ប៉ាគីស្ថានដូចពេលនេះក៏ដោយ។ លោកបានបន្ថែមថា អ៊ីរ៉ង់បានឆ្លើយតបចំពោះសំណើផែនការឈប់បាញ់ចំនួន ១៥ ចំណុចរបស់សហរដ្ឋអាមេរិក ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតទៀតនោះទេ។
ក្នុងពេលជាមួយនោះ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Qalibaf បានបដិសេធការចរចានៅប៉ាគីស្ថាន និងព្រមានថា កងទ័ពអាមេរិកនឹងត្រូវ «ដុតបំផ្លាញ» ប្រសិនបើហ៊ាននាំយោធាជើងគោកចូមដែនអ៊ីរ៉ង់។ អ៊ីរ៉ង់ក៏បានគំរាមវាយប្រហារលើមន្ត្រីនយោបាយ និងយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅក្នុងតំបន់ផងដែរ។
នៅលើផ្នែកយោធា ស្ថានការណ៍នៅតំបន់កាន់តែតានតឹង ខណៈអ៊ីស្រាអែលបន្តវាយប្រហារលើទីតាំងក្នុងទីក្រុងតេអេរ៉ង់ និងប្រកាសពង្រីកប្រតិបត្តិការនៅភាគខាងត្បូងប្រទេសលីបង់ ដើម្បីគ្រប់គ្រងក្រុមហេសបូឡាឲ្យបាន។ ក្នុងរយៈពេល ២៤ម៉ោង កងទ័ពអាកាសអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកជាង ១២០គ្រាប់ លើគោលដៅពាក់ព័ន្ធនឹងទីតាំងផលិតអាវុធ។
គួរបញ្ជាក់ថា សង្គ្រាមនេះបានបណ្តាលឱ្យមានការបាត់បង់ជីវិតមនុស្សជាង ៣,០០០នាក់ និងបង្កការផ្លាស់ទីលំនៅជាងមួយលាននាក់នៅលីបង់។ វាក៏បានប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ដោយគំរាមកំហែងដល់ការផ្គត់ផ្គង់ប្រេង និងឧស្ម័ន និងបង្កការរអាក់រអួលក្នុងការដឹកជញ្ជូនអន្តរជាតិ ជាពិសេសនៅច្រកសមុទ្រ Hormuz និង Bab el-Mandeb។
ដោយឡែក អេហ្ស៊ីបបានបញ្ជាក់ថា កិច្ចប្រជុំនៅប៉ាគីស្ថានមានគោលបំណងបើកផ្លូវឱ្យមាន «ការសន្ទនាដោយផ្ទាល់» រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយរំពឹងថា នឹងមានការធានាសុវត្ថិភាព ការបញ្ឈប់ការវាយប្រហារ និងសិទ្ធិកាន់កាប់លើច្រកសមុទ្រ Hormuz។
ប្រភព៖ AP















