កម្ពុជា-សហភាពអឺរ៉ុប បើកកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី១៣ ពង្រឹងភាពជាដៃគូ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពសំខាន់ ក្នុងបរិបទវិបត្តិសកល!
នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកស្រី Paola Pampaloni នាយិការងនៃមន្ទីរការបរទេស សហភាពអឺរ៉ុប បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១៣ ដែលត្រូវធ្វើឡើងជារៀងរាល់២ឆ្នាំម្តង។



ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ភាគីទាំងពីរបានកត់សម្គាល់អំពីវឌ្ឍនភាពដែលសម្រេចបានដោយអនុក្រុមទាំង៣៖ (១) កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (២) ពាណិជ្ជកម្ម និងការវិនិយោគ និង (៣) ការកសាងស្ថាប័ន កំណែទម្រង់រដ្ឋបាល ច្បាប់ និងយុតិ្តធម៌ អភិបាលកិច្ច និងសិទ្ធិមនុស្ស។
ជាមួយគ្នានេះ កិច្ចប្រជុំបានផ្លាស់ប្តូរ
ទស្សនៈលើការវិវត្តផ្នែកនយោបាយ និងសេដ្ឋកិច្ចនៅក្នុងសហភាពអឺរ៉ុប និងកម្ពុជា ហើយបានរំលេចនូវក្តីបារម្ភរួមគ្នាចំពោះភាពតានតឹងដែលកើនឡើងបណ្តាលមកពីភាពស្មុគស្មាញនៃបរិបទសកល។
ដោយឡែក អនុសាសន៍ និងសកម្មភាពសំខាន់ៗត្រូវបានដាក់ចេញ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពរួមមាន ពាណិជ្ជកម្មនិងវិនិយោគ, ការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំណើនបៃតង ថាមពលបៃតង និងបច្ចេកវិទ្យាឌីជីថល។
ប្រភព៖ ក្រសួងការបរទេស















