ប្រទេសបារ៉ែន ស្នើអង្គការសហប្រជាជាតិ អនុម័តឲ្យប្រទេសអឺរ៉ុបប្រើកម្លាំង ដើម្បីការពារការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz!
ប្រទេសបារ៉ែន បានដាក់សេចក្តីព្រាងច្បាប់សម្រេចមួយ ទៅកាន់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីស្នើអនុញ្ញាតឱ្យប្រទេសនានាប្រើប្រាស់ «មធ្យោបាយចាំបាច់ទាំងអស់» ក្នុងការការពារការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុង និងជុំវិញ ច្រកសមុទ្រ Hormuz នេះបើយោងតាមអត្ថបទដែលទីភ្នាក់ងារព័ត៌មាន Reuters ទទួលបាន។

សេចក្តីព្រាងនេះ ត្រូវបានគាំទ្រដោយបណ្តាប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រ និង សហរដ្ឋអាមេរិក ប៉ុន្តែអ្នកការទូតបានវាយតម្លៃថា វាមានឱកាសតិចក្នុងការអនុម័ត ដោយសារតែអាចប្រឈមនឹងការតវ៉ាពីសមាជិកអចិន្ត្រៃយ៍មួយចំនួន។
ការដាក់សំណើនេះបង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងក្នុងតំបន់ថា អ៊ីរ៉ង់ អាចបន្តគំរាមកំហែងដល់ច្រកសមុទ្រ Hormuz ដែលជាចំណុចយុទ្ធសាស្ត្រសំខាន់សម្រាប់ការផ្គត់ផ្គង់ប្រេងសកល ប្រហែលមួយភាគប្រាំនៃចំណាយសរុបពិភពលោក និងមានសារៈសំខាន់ចំពោះសេដ្ឋកិច្ចប្រទេសនៅតំបន់ឈូងសមុទ្រ។
ក្នុងបរិបទជម្លោះជាមួយសហរដ្ឋអាមេរិក និង អ៊ីស្រាអែល ការវាយប្រហាររបស់អ៊ីរ៉ង់លើនាវាដឹកជញ្ជូន បានបណ្តាលឱ្យសកម្មភាពនាវាចរណ៍តាមផ្លូវទឹកក្នុងតំបន់នេះជាប់គាំងយ៉ាងខ្លាំង។ សេចក្តីព្រាងសេចក្តីសម្រេច បានចាត់ទុកសកម្មភាពទាំងនេះ ថាជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។
អត្ថបទសេចក្តីសម្រេចបានអនុញ្ញាតឱ្យប្រទេសនានា អាចធ្វើសកម្មភាពដោយឯកឯង ឬតាមរយៈសម្ព័ន្ធកងទ័ពជើងទឹកពហុជាតិសាសន៍ ដើម្បីធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍ និងការឆ្លងកាត់ដោយសេរី នៅក្នុង និងជុំវិញច្រកសមុទ្រ Hormuz រួមទាំងដែនទឹករបស់ប្រទេសជាប់ឆ្នេរ។
ជាមួយគ្នានេះ សេចក្តីព្រាងក៏បានលើកឡើងពីការត្រៀមអនុវត្តវិធានការផ្សេងៗ រួមទាំងការដក់ទណ្ឌកម្មគោលដៅ ប្រសិនបើស្ថានការណ៍មិនមានការកែលម្អ។ វាក៏បានទាមទារឱ្យអ៊ីរ៉ង់បញ្ឈប់ភ្លាមៗនូវការវាយប្រហារលើនាវាពាណិជ្ជកម្ម និងសកម្មភាពណាមួយ ដែលរារាំងសេរីភាពនៃការធ្វើនាវាចរណ៍អន្តរជាតិ។
តាមបទប្បញ្ញត្តិរបស់ក្រុមប្រឹក្សាសន្តិសុខ សេចក្តីសម្រេចមួយត្រូវការយ៉ាងហោចណាស់៩សំឡេងគាំទ្រ និងចូលរួមពីសមាជិកអចិន្ត្រៃយ៍ទាំង៥ រួមមាន សហរដ្ឋអាមេរិក អង់គ្លេស បារាំង រុស្ស៊ី និងចិន ដើម្បីអនុម័ត។
ប្រភពព័ត៌មានដដែល បានបញ្ជាក់បន្ថែមថា សេចក្តីសម្រេចនេះត្រូវបានដាក់ក្រោមជំពូកទី៧ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលអនុញ្ញាតឱ្យអនុវត្តវិធានការចាប់ពីទណ្ឌកម្មរហូតដល់ការប្រើប្រាស់កម្លាំងយោធា។
ប្រភព៖ Reuters















