| |

វិបត្តិមជ្ឈិមបូព៌ា អង្រួនទីផ្សារថាមពលពិភពលោក ជំរុញឲ្យប្រទេសធំៗប្ដូរទិសដៅ ពឹងផ្អែកលើប្រេងរុស្ស៊ីវិញ!


ប្រទេស ចិន បានចូលរួមជាមួយបណ្ដាប្រទេសធំៗរួមមាន ទួរគី ប្រេស៊ីល កូរ៉េខាងត្បូង សិង្ហបុរី និង ឥណ្ឌា ក្នុងការពឹងផ្អែកលើប្រេងឆៅពី រុស្ស៊ី ដើម្បីរក្សាស្ថិរភាពវិស័យអាកាសចរណ៍ សណ្ឋាគារ និងទេសចរណ៍ ខណៈវិបត្តិនៅមជ្ឈិមបូព៌ាកំពុងបង្ករំខានយ៉ាងខ្លាំងដល់ទីផ្សារថាមពលសកល។

វិបត្តិនេះ បានបណ្តាលឱ្យមានការរំខានដល់ច្រកសមុទ្រ Hormuz Strait ដែលជាច្រកសំខាន់សម្រាប់ដឹកជញ្ជូនប្រេងប្រមាណជិត ២០% នៃពិភពលោក ការរាំងខ្ទប់ផ្លូវនេះបានធ្វើឱ្យកើនឡើងថ្លៃប្រេងឥន្ធនៈ និងបង្កើនសម្ពាធលើប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ បណ្តាញដឹកជញ្ជូន និងប្រព័ន្ធបដិសណ្ឋារកិច្ចជាសកលផងដែរ។

ក្នុងបរិបទនេះ ប្រេងឆៅរបស់រុស្ស៊ីដែលមានតម្លៃទាបជាងទីផ្សារអន្តរជាតិ បានក្លាយជាជម្រើសសំខាន់សម្រាប់ប្រទេសនាំចូល ដោយអាចជួយកាត់បន្ថយថ្លៃប្រេងឥន្ធនៈយន្តហោះ កាត់បន្ថយចំណាយថាមពលសណ្ឋាគារ និងរក្សាប្រតិបត្តិការដឹកជញ្ជូនឱ្យមានស្ថិរភាព។

យ៉ាងណាមិញ ការរំខាននេះកើតឡើងក្នុងបរិបទភាពតានតឹងកាន់តែខ្លាំង បន្ទាប់ពី អ៊ីរ៉ង់ បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងតំបន់ រួមមានសំណង់ LNG Ras Laffan នៅ កាតា និងការគំរាមកំហែងលើគោលដៅថាមពលនៅ អារ៉ាប៊ីសាអូឌីត និង អារ៉ាប់រួម។ ស្ថានការណ៍នេះបានជំរុញឱ្យមានការកំណត់ទិសដៅថ្មីនៃលំហូរថាមពលសកលយ៉ាងឆាប់រហ័ស។

ក្នុងតំបន់អាស៊ី ប្រេងឥន្ធនៈរុស្ស៊ីត្រូវបានរំពឹងថានឹងហូរចូលលើស ៣ លានតោនក្នុងខែមីនា ឆ្នាំ២០២៦ ខណៈប្រេងជាង ១៣០ លានបារ៉ែលនៅតែស្ថិតក្នុងសមុទ្រ សម្រាប់ទីផ្សារដែលមានតម្រូវការខ្ពស់។

ដោយឡែក ក្នុងស្ថានភាពបច្ចុប្បន្ន ប្រទេសជាច្រើនកំពុងរៀបចំយុទ្ធសាស្ត្រៗថ្មី ដើម្បីធានាបាននូវការផ្គត់ផ្គង់ថាមពលប្រកបដោយស្ថិរភាព និងការពារកំណើនវិស័យទេសចរណ៍ ដែលជាផ្នែកសំខាន់នៃសេដ្ឋកិច្ចជាតិផងដែរ។