ខេត្តកំពត គ្រោងរៀបចំ «វិថីអាហារ» ដែលមានមុខម្ហូបខ្មែរជាង ៦០មុខ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសពិធីបុណ្យចូលខ្មែរ ខាងមុខនេះ!
នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារបើកដំណើរការ «វិថីអាហារ» ក្នុងក្រុងកំពត ក្នុងគោលបំណងត្រៀមលក្ខណៈទទួលស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខ។

ក្នុងឱកាសនៃកិច្ចប្រជុំនោះ ឯកឧត្តម អភិបាលខេត្ត បានផ្តល់ការណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធ ឱ្យសិក្សារៀបចំបញ្ជីមុខម្ហូបអាហារជាបឋមឱ្យបានចំនួនជាង ៦០មុខ សម្រាប់ដាក់ឱ្យបងប្អូនអាជីវករលក់ដូរនៅក្នុងវិថីអាហារនេះ។ អ្វីដែលពិសេសបំផុតនោះ ក្នុងចំណោមមុខម្ហូបទាំងនោះ ក៏មានការដាក់បញ្ចូលនូវប្រភេទនំខ្មែរដែលមានលក្ខណៈប្រពៃណីជាតិ នំដែលជាអត្តសញ្ញាណប្រចាំខេត្តកំពត ព្រមទាំងអាហារដែលមានប្រវត្តិយូរលង់ និងមានទំនៀមទម្លាប់ទាក់ទងនឹងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបង្ហាញដល់ភ្ញៀវទេសចរឱ្យបានស្គាល់កាន់តែច្បាស់ពីមរតកម្ហូបអាហារខ្មែរ។


ការបង្កើតវិថីអាហារនេះ មិនត្រឹមតែជាការបង្កើតតំបន់កម្សាន្តថ្មីមួយទៀតក្នុងក្រុងកំពតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ និងជាការអភិរក្សនូវម្ហូបអាហារដែលជាទំនៀមទម្លាប់ជាតិ តាមរយៈការរៀបចំឱ្យមានរបៀបរៀបរយ សោភ័ណភាព និងធានាបាននូវអនាម័យខ្ពស់។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលខេត្តកំពត ក៏បានអញ្ជើញបងប្អូនភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ មេត្តាមកចូលរួមគាំទ្រ និងទស្សនាកម្សាន្តឱ្យបានច្រើនកុះករ ដើម្បីរួមគ្នាលើកកម្ពស់មរតកម្ហូបអាហារដែលពាក់ព័ន្ធនឹងទំនៀមទម្លាប់ប្រពៃណីខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ខាងមុខនេះ នៅលើទឹកដីខេត្តកំពត ដែលជា «ក្រុងបេតិកភណ្ឌរស់រវើកជាមួយម្ហូបអាហារដ៏ឆ្ងាញ់ពិសារ» និងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅបំផុត៕
ប្រភព៖ រដ្ឋបាលខេត្តកំពត















