| |

ក្រសួងមហាផ្ទៃ៖ ពលរដ្ឋភៀសសឹក ១៣៤នាក់បន្ថែមទៀត បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈមានពលរដ្ឋស្នាក់នៅជំរំចំនួន ៣៦ ៥៨៩នាក់ទៀត មិនទាន់អាចវិលទៅលំនៅឋានវិញនៅឡើយ


នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូល ជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីថៃពុំទាន់អនុវត្តពេញលេញតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅឡើយទេ។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានបន្តយកចិត្តទុកដាក់ដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ដោយសារអំពើឈ្លានពាន ជាពិសេសពលរដ្ឋដែលនៅពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។

ក្រសួងមហាផ្ទៃ គិតចាប់ពីម៉ោង ៦ព្រឹក ថ្ងៃទី១៥ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ មានប្រជាពលរដ្ឋភៀសសឹក ១៣៤នាក់បន្ថែមទៀត បានវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន ៤ម៉ឺននាក់ មានជាង ៦សែន ១ម៉ឺននាក់ ស្មើ ៩៤ភាគរយ បានវិលត្រឡប់ទៅលំនៅឋានវិញ។

ដោយឡែក ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ៣៦ ៥៨៩នាក់ទៀត (ស្រី្ត ១៨.៩៦៤នាក់ និងកុមារ ១២.២៧៤នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។ ការភៀសសឹកទ្រង់ទ្រាយធំបែបនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទាំងផ្នែកមុខរបរ សុខុមាលភាព សាធារណៈ សិទ្ធិលំនៅឋាន ជាពិសេសសិទ្ធិទទួលបានការសិក្សារបស់កុមារ និងប៉ះទង្គិចផ្លូវចិត្តដ៏គួរឲ្យព្រួយបារម្ភ។

ជាងនេះទៅទៀតពលរដ្ឋភៀសសឹកខ្លះ វិលដល់ភូមិករមែន ប៉ុន្តែត្រូវបង្ខំចិត្តស្នាក់នៅក្នុងជំរុំបណ្ដោះអាសន្នជាថ្មីទៀត ដោយសារផ្ទះសំបែងបានខូចខាតខ្ទេចរាបដល់ដី និងពោរពេញដោយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់យោធាថៃ៕

ប្រភព៖ ក្រសួងមហាផ្ទៃ