អ៊ីរ៉ង់ព្រមានថា ខ្លួននឹងធ្វើឱ្យសហរដ្ឋអាមេរិកសោកស្តាយ ចំពោះសង្គ្រាមដែលកើតឡើង!
ប្រធានសន្តិសុខអ៊ីរ៉ង់ លោក Ali Larijani បានសរសេរនៅលើបណ្តាញសង្គម X ថា ការចាប់ផ្តើមសង្គ្រាមអាចធ្វើបានយ៉ាងងាយ ប៉ុន្តែមិនអាចឈ្នះបាន ត្រឹមដោយនិយាយ ឬតាមរយៈការបង្ហោះសារមួយចំនួននៅលើ Twitter នោះទេ។ លោកបានបញ្ជាក់ថា អ៊ីរ៉ង់នឹងមិនចុះចាញ់ឡើយ រហូតដល់ធ្វើឱ្យសហរដ្ឋអាមេរិកសោកស្តាយចំពោះ “កំហុសដ៏ធ្ងន់ធ្ងរ” នេះ។


សេចក្តីថ្លែងការណ៍នេះបានកើតឡើងបន្ទាប់ពីមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei បានចេញសារដ៏រឹងមាំជាលើកដំបូង បន្ទាប់ពីលោកត្រូវបានតែងតាំងជំនួសឪពុករបស់លោក គឺលោក Ali Khamenei ដែលបានស្លាប់ក្នុងការវាយប្រហារមួយកាលពីពេលកន្លងទៅ។
តាមរយៈសារ ដែលត្រូវបានផ្សាយតាមទូរទស្សន៍រដ្ឋ លោក Mojtaba Khamenei បានអំពាវនាវឱ្យមានការសងសឹក និងបាននិយាយថា អ៊ីរ៉ង់អាចប្រើ “ផ្លូវនៃការបិទច្រកសមុទ្រ Hormuz” ដែលជាច្រកផ្លូវសមុទ្រដ៏សំខាន់សម្រាប់ពាណិជ្ជកម្មប្រេងពិភពលោក។
ទីភ្នាក់ងារថាមពលអន្តរជាតិបានព្រមានថា សង្គ្រាមនៅមជ្ឈិមបូព៌ាអាចបង្កឱ្យមាន “ការរំខានដល់ការផ្គត់ផ្គង់ប្រេងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ” ខណៈប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាក់ថា ការកម្ចាត់ “របបអាក្រក់” របស់អ៊ីរ៉ង់ មានសារៈសំខាន់ជាងការកើនឡើងនៃតម្លៃប្រេងឆៅ។
អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Majid Takht-Ravanchi បានប្រាប់ AFP ថា អ៊ីរ៉ង់ធ្វើសកម្មភាពគឺសម្រាប់តែ “ការការពារខ្លួន” ប៉ុណ្ណោះ ហើយពេលនេះអ៊ីរ៉ង់កំពុងពិភាក្សាជាមួយប្រទេសជាមិត្តមួយចំនួន ដើម្បីស្វែងរកបទឈប់បាញ់ដែលជាផ្នែកមួយនៃដំណោះស្រាយបញ្ចប់សង្គ្រាម។
ចំពោះសង្គ្រាមអ៊ីរ៉ង់ពេលនេះ បានបណ្តាលឱ្យតម្លៃប្រេងគោលកើនឡើងប្រហែល ៤០ ទៅ ៥០ ភាគរយ ចាប់តាំងពីអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ដែលកំពុងបង្កការព្រួយបារម្ភចំពោះកំណើនសេដ្ឋកិច្ចពិភពលោក និងអតិផរណា។
នៅក្នុងប្រទេសអ៊ីរ៉ង់ ប្រជាជនជាច្រើន កំពុងប្រឈមមុខនឹងស្ថានភាពលំបាក ដោយហាងជាច្រើនបិទទ្វារ និងមានការដកប្រាក់យ៉ាងច្រើនពីធនាគារ ដោយសារតែការបាត់បង់ទំនុកចិត្ត។ មន្ត្រីសុខាភិបាលអ៊ីរ៉ង់បានឱ្យដឹងថា មនុស្សជាង ២០០០ នាក់បានស្លាប់ក្នុងសង្គ្រាមនេះ ខណៈទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ប្រជាជនប្រមាណ ៣ លាននាក់ត្រូវបានផ្លាស់ទីលំនៅ។
ដោយឡែក មន្ត្រីអ៊ីស្រាអែល បាននិយាយថា ចាប់តាំងពីការចាប់ផ្តើមសង្គ្រាម មានមនុស្ស ១៤នាក់បានស្លាប់ នៅក្នុងប្រទេសអ៊ីស្រាអែល ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្របានសម្លាប់មនុស្ស ២៤នាក់ រួមទាំងជនស៊ីវិល និងយោធាអាមេរិក។
ប្រភព៖ CNA











