|

បេសកជននៃប្រទេសកាតាប្រចាំ UN ចេញមុខ ថ្កោលទោសអ៊ីរ៉ង់យ៉ាងខ្លាំង ក្រោយប្រើយន្តហោះគ្មានមនុស្សបើក និងបាញ់មីសុីលមិនដកដៃ ចូលតំបន់ជាច្រើននៅមជ្ឈិមបូព៌ា


បេសកជនរបស់ប្រទេសកាតាប្រចាំអង្គការសហប្រជាជាតិ បានថ្កោលទោសការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់នៅទូទាំងតំបន់ឈូងសមុទ្រ ដោយហៅវាថាជា «ការរំលោភបំពានយ៉ាងច្បាស់លាស់លើច្បាប់អន្តរជាតិ» និងបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាត់វិធានការជាបន្ទាន់។

លោកស្រី Sheikha Alya Ahmed bin Saif Al Thani ឯកអគ្គរដ្ឋទូតកាតាប្រចាំអង្គការសហប្រជាជាតិ បានមានប្រសាសន៍កាលពីថ្ងៃពុធនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កថា “ការវាយប្រហាររបស់អ៊ីរ៉ង់លើគោលដៅនានានៅទូទាំងមជ្ឈិមបូព៌ា គឺជាការរំលោភបំពានយ៉ាងច្បាស់លាស់លើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ”។

លោកស្រីបានបញ្ជាក់ថា ការកំណត់គោលដៅលើទឹកដីរបស់ប្រទេសកាតា ជាបន្តបន្ទាប់ដោយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ មិនបង្ហាញពីចេតនាល្អនោះទេ ហើយបានប៉ះពាល់យ៉ាងខ្លាំងដល់មូលដ្ឋាននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

លោកស្រីបានអំពាវនាវឱ្យ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ចាត់វិធានការបន្ទាន់ ដោយព្រមានថា ការខកខានមិនឆ្លើយតបនឹងបញ្ជូន «សញ្ញាគ្រោះថ្នាក់» ដែលបង្ហាញថា ការវាយប្រហារលើប្រទេសជិតខាងដែលមិនពាក់ព័ន្ធអាចកើតឡើងដោយគ្មានផលវិបាកណាមួយ។

ការអត្ថាធិប្បាយរបស់លោកស្រី បានធ្វើឡើងមុនពេលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បោះឆ្នោតគាំទ្រសេចក្តីព្រាងសេចក្តីសម្រេចមួយ ដែលថ្កោលទោសរលកនៃការវាយប្រហាររបស់អ៊ីរ៉ង់លើប្រទេសសមាជិក ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC)។

យោងតាមព័ត៌មាន កងកម្លាំងអ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទិក និងយន្តហោះគ្មានមនុស្សបើកទៅលើគោលដៅដែលខ្លួនអះអាងថាជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅទូទាំងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីប្រទេសទាំងពីរបានបើកសង្គ្រាមប្រឆាំងអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។

យ៉ាងណាមិញ ការវាយប្រហារទាំងនេះក៏បានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផងដែរ ដោយបានរំខានដល់ការផលិតថាមពល និងបណ្ដាលឱ្យជើងហោះហើរជាច្រើនត្រូវផ្អាកជាបណ្ដោះអាសន្ន ជាពិសេសនៅក្នុងបណ្តាប្រទេសឈូងសមុទ្រដែលរងផលប៉ះពាល់ខ្លាំង។

នៅពេលដូចគ្នា យ៉ាងហោចណាស់មនុស្ស ១,២៥៥ នាក់ ត្រូវបានស្លាប់នៅក្នុងការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ ខណៈមន្ត្រីអ៊ីរ៉ង់បានអះអាងថា ការវាយប្រហារទាំងនេះ មានការកំណត់គោលដៅលើសាលារៀន មន្ទីរពេទ្យ រោងចក្រប្រេង និងអគារលំនៅដ្ឋានរាប់ពាន់ខ្នង។

ប្រភព៖ Reuters