កម្ពុជាត្រៀមអនុវត្តគោលនយោបាយ សាកល្បងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ៤ខែ ឆ្នាំ២០២៦
នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំពិភាក្សាផ្តល់យោបល់លើយន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃគោលនយោបាយសាកល្បងនៃការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ក្នុងរយៈពេលសាកល្បង ៤ខែ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងតំណាងក្រសួង ស្ថាប័នរដ្ឋ ព្រមទាំងឧកញ៉ា លោក លោកស្រី តំណាងផ្នែកឯកជន សរុបចំនួន ៥៤រូប។



កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិភាក្សាលើការកំណត់សូចនាករគន្លឹះសម្រាប់ទេសចរចិន, ត្រួតពិនិត្យ តាមដានវឌ្ឍនភាពការងារ, ផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយទេសចរណ៍កម្ពុជាសម្រាប់ទីផ្សារចិន និងយន្តការ M&E ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពនូវគោលនយោបាយសាកល្បងនៃការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ក្នុងរយៈពេលសាកល្បង ៤ខែ ឆ្នាំ២០២៦ ដែលបានផ្តល់គោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមានការលើកលែងទិដ្ឋាការដល់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងតៃវ៉ាន់ ទោះធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬប្រទេសផ្សេងទៀតក៏ដោយ ឱ្យតែកាន់លិខិតឆ្លងដែន PRC ចូលមកប្រទេសកម្ពុជា នឹងទទួលបានការលើកលែងទិដ្ឋាការ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនឱ្យកាន់តែច្រើននិងទាញប្រយោជន៍សេដ្ឋកិច្ចឱ្យបានច្រើនជាអតិបរមា។
ដោយឡែក រយៈពេលសាកល្បងនេះ អនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៦ (អំឡុងពេលរដូវកាលបៃតង)។ ភ្ញៀវចិនអាចស្នាក់នៅរយៈពេល ១៤ ថ្ងៃ ដោយភ្ញៀវចិន មកកម្ពុជា ប៉ុន្មានលើកក៏បាន (Multiple Entries) និងពុំតម្រូវឱ្យមានពាក្យស្នើសុំ និង ពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival Card។
ប្រភព៖ ក្រសួងទេសចរណ៍













