ជប៉ុនចាប់ផ្តើមពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយជាលើកដំបូង ដើម្បីទប់ទល់នឹងវិបត្តិសន្តិសុខតំបន់
ប្រទេសជប៉ុនកំពុងរៀបចំដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយដែលផលិតក្នុងស្រុកជាលើកដំបូងរបស់ខ្លួន ដោយឧបករណ៍បាញ់មីស៊ីល ដែលត្រូវបានដឹកមកដល់ជំរំកងទ័ពមួយកន្លែង កាលពីយប់ថ្ងៃចន្ទ ខណៈប្រទេសនេះកំពុងបង្កើនល្បឿនការពង្រឹងសមត្ថភាពការពារជាតិ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខដែលកំពុងកើនឡើងនៅក្នុងតំបន់។



លោក Minoru Kihara អគ្គលេខាធិការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា មីស៊ីលប្រភេទ Type-12 ដែលបានធ្វើឱ្យសមត្ថភាពវាយប្រហារប្រសើរឡើង នឹងត្រូវដាក់ពង្រាយនៅជំរំ Kengun ក្នុងខេត្ត Kumamoto ភាគនិរតីនៃប្រទេសជប៉ុន នៅចុងខែមីនានេះ និងបានបញ្ចប់ដំណើរការដាក់ពង្រាយជាផ្លូវការ។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តយោធាដែលដឹកឧបករណ៍បាញ់មីស៊ីល និងសម្ភារៈពាក់ព័ន្ធផ្សេងៗ បានមកដល់ជំរំនៅពាក់កណ្តាលអធ្រាត្រ ក្នុងប្រតិបត្តិការដែលមានកម្រិតសម្ងាត់ខ្ពស់។ ការដឹកជញ្ជូននេះបានបង្កឱ្យមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់ ដោយមានមនុស្សរាប់សិបនាក់ប្រមូលផ្តុំគ្នានៅខាងក្រៅជំរំ និងស្រែកទាមទារ “បញ្ឈប់ការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ”និងបានបង្ហាញការប្រឆាំង។
ក្រុមអ្នកប្រឆាំងបានលើកឡើងថា “ការដាក់ពង្រាយនេះខ្វះតម្លាភាព និងអាចបង្កើនភាពតានតឹងក្នុងតំបន់ ព្រមទាំងធ្វើឱ្យតំបន់នោះក្លាយជាគោលដៅនៃការវាយប្រហារនាពេលអនាគត”។
អភិបាលខេត្ត Kumamoto លោក Takashi Kimura បានប្រាប់អ្នកសារព័ត៌មានថា អាជ្ញាធរខេត្តមិនបានទទួលការជូនដំណឹងជាមុនអំពីការដាក់ពង្រាយនេះឡើយ។ លោកបានបញ្ជាក់ថា “វាពិតជាគួរឲ្យខកចិត្តយ៉ាងខ្លាំង ដែលយើងបានដឹងអំពីបញ្ហានេះតាមរយៈរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយទៅវិញ”។
ការិយាល័យការពារជាតិតំបន់ Kyushu បានប្រកាសថា នឹងអញ្ជើញតំណាងអាជ្ញាធរមូលដ្ឋានចូលរួមពិនិត្យឧបករណ៍នៅជំរំក្នុងសប្តាហ៍ក្រោយ មុនពេលដាក់ពង្រាយមីស៊ីលជាផ្លូវការនៅថ្ងៃទី៣១ ខែមីនា ខណៈការរៀបចំកិច្ចប្រជុំសាធារណៈជាមួយប្រជាពលរដ្ឋមិនទាន់ត្រូវបានគ្រោងទុកនៅឡើយ។
ក្រសួងការពារជាតិជប៉ុនក៏បានកែប្រែកាលវិភាគ ដាក់ពង្រាយមីស៊ីលនេះឱ្យលឿនជាងមុនមួយឆ្នាំផងដែរ។ ជប៉ុនកំពុងបង្កើនសមត្ថភាពយោធានៅតំបន់ភាគនិរតី ខណៈដែលភាពតានតឹងជុំវិញបញ្ហា តៃវ៉ាន់ កំពុងកើនឡើង ដោយសារប្រទេសចិនអះអាងថាកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះជាផ្នែកមួយនៃដែនដីរបស់ខ្លួន។
ភាពតានតឹងក្នុងតំបន់ក៏បានកើនឡើងបន្ថែម បន្ទាប់ពីនាយករដ្ឋមន្ត្រី Sanae Takaichi បានបញ្ជាក់ថា សកម្មភាពយោធាណាមួយរបស់ចិនប្រឆាំងនឹងតៃវ៉ាន់ អាចជាមូលដ្ឋានសម្រាប់ការឆ្លើយតបផ្នែកយោធារបស់ជប៉ុន។
គួរបញ្ជាក់ថា មីស៊ីល Type-12 ត្រូវបានអភិវឌ្ឍ និងផលិតដោយក្រុមហ៊ុន Mitsubishi Heavy Industries។ មីស៊ីលនេះមានចម្ងាយបាញ់ប្រហែល ១,០០០ គីឡូម៉ែត្រ ដែលអាចទៅដល់ដីគោករបស់ចិន ខណៈកំណែដើមមានចម្ងាយត្រឹមប្រមាណ ២០០ គីឡូម៉ែត្រ ប៉ុណ្ណោះ។
បន្ទាប់ពីការដាក់ពង្រាយនៅខេត្ត Kumamoto មីស៊ីលប្រភេទនេះគ្រោងនឹងត្រូវដាក់ពង្រាយបន្ថែមនៅជំរំ Fuji ក្នុងខេត្ត Shizuoka ភាគខាងលិចទីក្រុងតូក្យូ នៅចុងឆ្នាំនេះ។
ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុនក៏គ្រោងលុបចោលការរឹតបន្តឹងលើការនាំចេញអាវុធមួយចំនួននៅសប្តាហ៍ខាងមុខ ដើម្បីលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មការពារជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត។
ប្រភព៖ AP











