| | |

អ៊ីរ៉ង់! តែងតាំងកូនប្រុសរបស់លោក Khamenei ជាមេដឹកនាំកំពូលថ្មី


មេដឹកនាំសាសនានៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បានប្រកាសតែងតាំងលោក Ayatollah Mojtaba Khamenei ដែលមានអាយុ ៥៦ ឆ្នាំ ជាមេដឹកនាំកំពូលថ្មីរបស់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីឪពុករបស់លោក Ayatollah Ali Khamenei ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ការប្រកាសនេះធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី៨ ខែមីនា បន្ទាប់ពីកន្លងផុតប្រហែលជាងមួយសប្តាហ៍។

យោងតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ សភាអ្នកជំនាញដែលមានសមាជិកចំនួន ៨៨រូប បានកោះប្រជុំដើម្បីជ្រើសរើសមេដឹកនាំកំពូលថ្មី ហើយ អ្នកប្រកាសព័ត៌មានបានអានសេចក្តីថ្លែងការណ៍ផ្លូវការសម្រេចឡើងកាន់អំណាចរបស់លោក Ayatollah Mojtaba Khamenei ដែលភ្ជាប់នឹងរូបភាពរបស់លោក Mojtaba Khamenei គឺឪពុករបស់លោក។

ក្នុងសេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា លោក Mojtaba Khamenei «ត្រូវបានតែងតាំងជាមេដឹកនាំទីបី នៃប្រព័ន្ធសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់» បន្ទាប់ពីទទួលបានការគាំទ្រតាមរយៈការបោះឆ្នោតរបស់តំណាងសភាអ្នកជំនាញ។

ជាងនេះទៅទៀត សេចក្តីថ្លែងការណ៍ដដែលក៏បានបញ្ជាក់ថា ស្ថាប័នបព្វជិតមិនបានពន្យារពេលក្នុងការជ្រើសរើសមេដឹកនាំថ្មីឡើយ ទោះបីស្ថិតក្រោមសម្ពាធ និងការគំរាមកំហែងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលក៏ដោយ។

អ្នកវិភាគមួយចំនួនបានលើកឡើងថា លោក Mojtaba Khamenei ត្រូវបានគេចាត់ទុកថាជាមេដឹកនាំដែលមានទស្សនៈរឹងមាំ ហើយអាចនឹងបន្តគោលនយោបាយតឹងរឹង និងការប្រឆាំងនឹងសម្ពាធពីបរទេស ដូចដែលឪពុករបស់លោកបានអនុវត្តកន្លងមក។

ប្រភព៖ CNA