| |

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក៖ រលកធំៗកំពុងរងចាំអ៊ីរ៉ង់ សង្គ្រាមទើបតែចាប់ផ្តើមប៉ុណ្ណោះ ហើយយើងកំពុងបង្កើនល្បឿន មិនមែនបន្ថយល្បឿននោះទេ


រដ្ឋមន្ត្រីក្រសួងការពារជាតិ Pete Hegseth និងប្រធានអគ្គសេនាធិការចម្រុះលោក Dan Caine បានថ្លែងនៅព្រឹកថ្ងៃពុធថា “យុទ្ធនាការយោធារបស់ សហរដ្ឋអាមេរិក លើ អ៊ីរ៉ង់ នឹងឈានចូលដំណាក់កាលថ្មី” ដែលមានការទម្លាក់គ្រាប់បែកកាន់តែធ្ងន់ធ្ងរ និងធំជាងមុន។

លោក Hegseth បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា “រលកធំៗកាន់តែច្រើនកំពុងរងចាំអ៊ីរ៉ង់ សង្គ្រាមទើបតែចាប់ផ្តើមប៉ុណ្ណោះ ហើយយើងកំពុងបង្កើនល្បឿន មិនមែនបន្ថយល្បឿនទេ”។ លោកបន្ថែមថា សមត្ថភាពយោធារបស់អ៊ីរ៉ង់កំពុងត្រូវបានបំផ្លាញ ខណៈសមត្ថភាពកងកម្លាំងអាមេរិកកាន់តែខ្លាំង និងមានប្រសិទ្ធភាព។

តាមការបញ្ជាក់របស់លោក Hegseth យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងបន្ថែមកំពុងត្រូវបានបញ្ជូនចូលតំបន់។ លោកបានអះអាងថា កងកម្លាំងអាមេរិកមានការគ្រប់គ្រងលើដែនអាកាសាម្រាប់ការវាយប្រហារ នឹងប្រើប្រាស់គ្រាប់បែកទំនាញដែលមានប្រព័ន្ធដឹកនាំ GPS និងឡាស៊ែរ ទម្ងន់ ៥០០ផោន ១០០០ ផោន និង ២០០០ផោន ដែលមានស្តុកគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការបន្ត។

លោកបានបញ្ជាក់ថា មកដល់ពេលនេះ សហរដ្ឋអាមេរិកបានប្រើប្រាស់ជាចម្បងនូវអាវុធឈរជើង រួមមានមីស៊ីលបញ្ជាទិស និងមីស៊ីលផ្លោងរយៈចម្ងាយខ្លី បាញ់ចេញពីនាវា និងមូលដ្ឋានដី។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ លោក Caine បានថ្លែងថា រលកនៃការវាយប្រហារកន្លងមក បានធ្វើឱ្យប្រព័ន្ធការពារជាតិរបស់អ៊ីរ៉ង់ចុះខ្សោយគ្រប់គ្រាន់ ដើម្បីបើកផ្លូវសម្រាប់ការទម្លាក់គ្រាប់បែកពីលើអាកាសដោយប្រើអាវុធទម្លាក់ដោយសេរីដែលមានជំនួយពី GPS និងមីស៊ីលបាញ់ចេញពីអាកាស។ លោកបានបន្ថែមថា វានឹងអនុញ្ញាតឱ្យកងកម្លាំងរួមបង្កើនភាពជាក់លាក់លើគោលដៅ និងរក្សាសម្ពាធលើសត្រូវក្នុងប៉ុន្មានថ្ងៃខាងមុខ។

មន្ត្រីទាំងពីរបានអះអាងថា ការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និង អ៊ីស្រាអែល បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពអ៊ីរ៉ង់ក្នុងការកំណត់គោលដៅលើយន្តហោះរបស់ភាគីទាំងពីរ។

ទោះជាយ៉ាងណា អ៊ីរ៉ង់បានបន្តវាយប្រហារលើទ្រព្យសម្បត្តិយោធារបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា។ កាលពីចុងសប្តាហ៍ ការវាយប្រហារមួយលើ គុយវ៉ែត បានបណ្តាលឱ្យទាហានអាមេរិកចំនួន ៦ នាក់ស្លាប់។ ដូចគ្នាដែេ លោក Hegseth បានអះអាងថា កងកម្លាំងអាមេរិកប្រហែល ៩០ភាគរយនៅក្នុងតំបន់ ស្ថិតក្រៅចម្ងាយបាញ់របស់អ៊ីរ៉ង់។

វិវាទកើនឡើង លោក Caine បានបន្ថែមថា អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងជាង ៥០០ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកជាង ២០០០ គ្រឿង ទៅលើអ៊ីស្រាអែល និងបណ្តារដ្ឋឈូងសមុទ្រដែលធ្វើជាម្ចាស់ផ្ទះមូលដ្ឋានទ័ពអាមេរិក ហើយក្នុងករណីខ្លះបានវាយប្រហារលើគោលដៅស៊ីវិលផងដែរ។

ប្រភពមន្ត្រីអ៊ីរ៉ង់ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ការវាយប្រហារមួយលើ “សាលាបឋមសិក្សាក្មេងស្រីនៅភាគខាងត្បូងអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៧៥ នាក់ស្លាប់ ភាគច្រើនជាកុមារ”។ សរុបមក មានមនុស្សជាង ៨៧០ នាក់ត្រូវបានស្លាប់ក្នុងជម្លោះរហូតមកដល់ពេលនេះ ភាគច្រើននៅអ៊ីរ៉ង់ ប៉ុន្តែក៏មាននៅ បារ៉ែន អេមីរ៉ាត អារ៉ាប់រួម លីបង់ និងអ៊ីស្រាអែលផងដែរ។

ប្រភព៖ The Hill