| |

អ៊ីស្រាអែលវាយប្រហារទីស្នាក់ការកណ្តាលសន្តិសុខនៅទូទាំងទីក្រុងតេអេរ៉ង់ ខណៈអ៊ីរ៉ង់តបតមិនដកដៃ លើមូលដ្ឋានអាមេរិកនៅទីក្រុងឌូបៃ និងកាតា


យោងតាមអ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Avichay Adraee បញ្ជាក់ថា អ៊ីស្រាអែល បានវាយប្រហារគោលដៅយោធាច្រើនកន្លែងនៅទូទាំងទីក្រុងតេអេរ៉ង់ រួមមានទីស្នាក់ការកណ្តាលរបស់កងកម្លាំង Basij បន្ទះបាញ់មីស៊ីល ប្រព័ន្ធការពារ និងនាយកដ្ឋានផ្គត់ផ្គង់ភស្តុភារកម្មដែលពាក់ព័ន្ធនឹងកងកម្លាំងដីគោករបស់អ៊ីរ៉ង់។ IDF បានបញ្ជាក់ថា នឹងបន្តបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ីរ៉ង់បន្ថែមទៀត។

ដោយឡែក ក្រសួងការពារជាតិកាតាបានឱ្យដឹងថា ប្រទេសកាតាត្រូវបានវាយប្រហារដោយមីស៊ីលពីរគ្រាប់ពីអ៊ីរ៉ង់។ មីស៊ីលមួយត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស ខណៈមីស៊ីលមួយទៀតបានវាយប្រហារមូលដ្ឋានទ័ពអាកាសអាមេរិក Al Udaid ដែលជាមូលដ្ឋានអាមេរិកធំបំផុតនៅក្នុងតំបន់។ អាជ្ញាធរកាតាបានបញ្ជាក់ថា មិនមានអ្នកស្លាប់ ឬរបួសនោះទេ។

កាលពីល្ងាចថ្ងៃអង្គារ មានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើស្ថានកុងស៊ុលសហរដ្ឋអាមេរិកនៅទីក្រុងឌូបៃ។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើកបានវាយប្រហារចំណតរថយន្តនៅជាប់បរិវេណស្ថានកុងស៊ុល ប៉ុន្តែបុគ្គលិកទាំងអស់មានសុវត្ថិភាព។

នៅអ៊ីរ៉ង់ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ប្រាប់កាសែត New York Times និងបានដកស្រង់ចេញពីមន្ត្រីអ៊ីរ៉ង់មួយចំនួនថា លោក ម៉ូជតាបា ខាមេនី អាចក្លាយជាអ្នកស្នងតំណែងមេដឹកនាំកំពូល ប៉ុន្តែមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល បានព្រមានថា អ្នកស្នងតំណែងណាមួយ ដែលបន្តគោលនយោបាយ “គំរាមកំហែងដល់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក” នឹងក្លាយជាគោលដៅសម្រាប់ការវាយប្រហារបន្ត។

ប្រភព៖ BBC