| |

បារាំងបញ្ជូននាវាផ្ទុកយន្តហោះ Charles de Gaulle ទៅសមុទ្រមេឌីទែរ៉ាណេ និងបញ្ជាក់ការត្រៀមខ្លួនរួចជាស្រេច ក្នុងការចាត់វិធានការការពារ ប្រសិនបើមានការគំរាមកំហែងដល់សម្ព័នមិត្តខ្លួន!


ប្រធានាធិបតីបារាំង Emmanuel Macron បានប្រកាសថា រដ្ឋាភិបាលបារាំងបានបញ្ជាឱ្យនាវាផ្ទុកយន្តហោះ Charles de Gaulle ដែលដំណើរការដោយថាមពលនុយក្លេអ៊ែរ ផ្លាស់ទីទៅកាន់សមុទ្រមេឌីទែរ៉ាណេ ដើម្បីពង្រឹងសន្តិសុខ និងការពារសម្ព័ន្ធមិត្ត នៅពេលស្ថានការណ៍សង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ាកំពុងរីករាលដាល។

យោងតាមការចេញផ្សាយរបស់ Associated Press នាវាផ្ទុកយន្តហោះនេះត្រូវបានផ្លាស់ទីពីសមុទ្របាល់ទិក ទៅកាន់សមុទ្រមេឌីទែរ៉ាណេ ដោយមានការអមដំណើរដោយនាវាចម្បាំង និងទទួលការគាំទ្រពីកងទ័ពអាកាសបារាំង។ លោក Macron បានបញ្ជាក់ថា យន្តហោះចម្បាំងប្រភេទ Dassault Rafale ប្រព័ន្ធការពារដែនអាកាស និងវេទិការ៉ាដាលើអាកាស ត្រូវបានដាក់ពង្រាយរួចហើយក្នុងតំបន់។

ក្នុងសុន្ទរកថាតាមទូរទស្សន៍ជាតិ លោកប្រធានាធិបតីបានឱ្យដឹងថា កងកម្លាំងបារាំងបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកមួយចំនួន ក្នុងសកម្មភាពការពារខ្លួនស្របច្បាប់ ដើម្បីការពារដែនអាកាសរបស់សម្ព័ន្ធមិត្ត។ ទោះយ៉ាងណា លោកមិនបានបញ្ជាក់ព័ត៌មានលម្អិតអំពីប្រតិបត្តិការនោះទេ។

បារាំង ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ធ្លាប់បានបញ្ជាក់ថា ពួកគេមិនបានចូលរួមក្នុងការវាយប្រហារដែលដឹកនាំដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ឡើយ។ ទោះជាយ៉ាងណា លោក Macron បានអះអាងថា បារាំងត្រៀមខ្លួនរួចជាស្រេចក្នុងការចាត់វិធានការការពារ ប្រសិនបើមានការគំរាមកំហែងដល់ផលប្រយោជន៍ ឬសម្ព័ន្ធមិត្តរបស់ខ្លួន។

លោកបានលើកឡើងផងដែរ អំពីការវាយប្រហារលើមូលដ្ឋានទ័ពអាកាសអង់គ្លេសមួយនៅកោះស៊ីប្រុស និងបានរំលឹកថា “បារាំងមានកិច្ចព្រមព្រៀងការពារជាតិជាមួយកាតា គុយវ៉ែត និងអារ៉ាប់រួម ព្រមទាំងការប្តេជ្ញាចិត្តសន្តិសុខចំពោះហ្ស៊កដានី និងអ៊ីរ៉ាក់”។

ក្នុងបរិបទនៃជម្លោះដែលបានរាលដាលដល់ប្រទេសលីបង់ លោក Macron បានរិះគន់ក្រុម Hezbollah ចំពោះការវាយប្រហារលើអ៊ីស្រាអែល ដែលលោកហៅថា ជាកំហុសធ្ងន់ធ្ងរ និងធ្វើឱ្យជនស៊ីវិលលីបង់ប្រឈមនឹងគ្រោះថ្នាក់។ ជាមួយគ្នានេះ លោកក៏បានព្រមានអ៊ីស្រាអែលកុំឱ្យបើកប្រតិបត្តិការដីគោកនៅលីបង់។

លោក Macron បានបញ្ជាក់ថា បារាំងមិនអាចអនុម័តការវាយប្រហារដែលធ្វើឡើងក្រៅក្របខណ្ឌច្បាប់អន្តរជាតិបានឡើយ ហើយបានអំពាវនាវឱ្យបញ្ចប់អំពើហិង្សាឱ្យបានឆាប់រហ័ស និងត្រឡប់ទៅកាន់ដំណោះស្រាយតាមការទូតវិញ។

ទន្ទឹមនឹងនេះ លោកបានដាក់ការទទួលខុសត្រូវចំពោះវិបត្តិនេះទៅលើអ៊ីរ៉ង់ ដោយអះអាងថា កម្មវិធីនុយក្លេអ៊ែរ និងសមត្ថភាពមីស៊ីលរបស់ទីក្រុងតេអេរ៉ង់ ព្រមទាំងការគាំទ្រដល់ក្រុមអាវុធនៅក្នុងតំបន់ រួមមានក្រុម Hamas និងក្រុមជីវពលផ្សេងៗ បានរួមចំណែកធ្វើឱ្យស្ថានការណ៍តានតឹងកាន់តែខ្លាំងឡើង។

ប្រធានាធិបតីបារាំងបានបញ្ចប់សុន្ទរកថារបស់លោក ដោយបង្ហាញក្តីសង្ឃឹមថា ប្រជាជនអ៊ីរ៉ង់អាចសម្រេចចិត្តអនាគតរបស់ខ្លួនដោយសេរី ខណៈដែលបារាំងនឹងបន្តគាំទ្រសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ និងការចរចាសន្តិភាព។

ប្រភព៖ India Today